Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនកម្ពុជា បន្តការពារសមិទ្ធផលជាប្រវត្តិសាស្រ្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលប្រឹងប្រែងមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង ដើម្បីភាពសុខក្សេមក្សាន្តជាតិមាតុភូមិ និងបន្តរួមគ្នាទប់ស្កាត់នូវទង្វើខុសច្បាប់បង្កអស្ថេរភាពដល់សង្គម

កំពង់ចាម៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តាងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។ វេទិការនេះ មានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំ រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលស្រុកបាធាយ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

ក្នុងអង្គវេទិកានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនបងប្អូនប្រជាពលរដ្ឋស្រុកបាធាយ ដែលសម្តេចទាំងពីរតែងតែចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេច ហើយចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៍ពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការកសាងប្រទេសជាតិឱ្យមានសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ គឺជាគោលបំណង និងបំណងប្រាថ្នាតែមួយគត់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ថា ការដឹកនាំរបស់សម្តេចធិបតីដើម្បីអនាគតរបស់ប្រជាពលរដ្ឋកាន់តែត្រចះត្រចង់ គឺខុសពីទង្វើរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលតែងតែបង្កការញុះញង់ និងបំបែកបំបាក់សាមគ្គីសង្គមខ្មែរ ដើម្បីឱ្យជាតិវិនាស និងអស្ថេរភាពសង្គម ជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាជួបការលំបាក និងបែកបាក់សង្គមគ្រួសារ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាជនកម្ពុជាបន្តរួបរួមគ្នា និងធ្វើដំណើរជាមួយរាជរដ្ឋាភិបាល ដើម្បីមានការឯកភាពជាតិ សាមគ្គី និងចូលរួមកសាងប្រទេសជាតិជាមួយសម្តេចធិបតី ជាពិសេស បន្តរួមគ្នាទប់ស្កាត់នូវទង្វើខុសច្បាប់ដែលបង្កអស្ថេរភាពដល់សង្គម ដែល សម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង ដើម្បីភាពសុខក្សេមក្សាន្តជាតិមាតុភូមិ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហ៊ានលើកឡើងនូវរាល់បញ្ហាប្រឈម ក្តីកង្វល់ និងសំណូពរនានានៅគ្រប់វេទិកាទាំងអស់ ក្នុងគោលដៅដើម្បីបម្រើនូវផលប្រយោជន៍រួមនៅតាមសហគមន៍ និងមូលដ្ឋានរបស់ខ្លួន ហើយរាល់បញ្ហា ក្តីកង្វល់ និងសំណូពរ នឹងត្រូវបានដោះស្រាយតាមដំណាក់កាល និងតាមវិស័យ ដោយមិនត្រូវបានទុកចោលឡើយ៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *