(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្រ្តីរដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធក្នុងខេត្ត។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការប្រមូលផ្តុំនូវក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញលើកទឹកចិត្តឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។
ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ក៍បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំនេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំប្រមាណជា ៦០ លើក។ ជាលទ្ធផល សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ នឹងត្រូវចុះហត្ថលេខា អនុម័តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងកម្មវិធីបើកកិច្ចប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នឹងត្រូវអនុម័តដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផែនការសកម្មភាពនេះ នឹងក្លាយជាត្រីវិស័យតម្រង់ទិសសម្រាប់ការអនុវត្តវិស័យសកម្មភាពមីនដល់គ្រប់ភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ដំណើរការភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធសម្រាប់វឌ្ឍនភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕SRN