ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ដ តូយូតា ព្រូស មួយគ្រឿងគេចពីម៉ូតូជិះកាត់ពីមុខក៏រ៉េចង្កូតបុកចូលកន្លែងបញ្ញើឥវ៉ាន់របស់ក្រុមហ៊ុន កាពីតូល បណ្ដាលឲ្យឥវ៉ាន់ភ្ញៀវ និងសម្ភារៈមួយចំនួនរងការខូចខាត កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៩ កែងផ្លូវ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់ជាតៃកុងរថយន្តបង្កម៉ាក តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3731បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តតាមបណ្ដោយផ្លូវ១៩៩ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះឆ្លងកាត់ទទឹងផ្លូវពីមុខរថយន្តបង្ក ធ្វើឲ្យរូបគាត់រ៉េចង្កូតថយន្តឡើងខឿនផ្លូវទៅបុកចូលកន្លែងបញ្ញើឥវ៉ាន់របស់ក្រុមហ៊ុន កាពីតូល បណ្ដាលឲ្យឥវ៉ាន់របស់ភ្ញៀវ និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យឃើញថា រថយន្តបង្កខាងលើមិនបានធ្វើឲ្យខូចខាតដល់សម្បត្តិរដ្ឋ ទើបឲ្យភាគីរថយន្តបង្ក ដោះស្រាយជាមួយភាគីរងគ្រោះរបស់ក្រុមហ៊ុន កាពីតូល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕