ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃចន្ទទី២៣ ខែតុលា ឆ្នាំ២០២៣។
លោកអនុប្រធានទី២រដ្ឋសភាសម្តែងការពេញចិត្តចំពោះប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសភូមិផង មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នា។ រហូត មកដល់សព្វថ្ងៃ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាលើកគ្រប់វិស័យ។
លោកបានសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះប្រទេសទាំងពីរដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខ័ណ្ឌសីមា រវាងប្រទេសទាំងពីរ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ និងសង្ឃឹមថាប្រទេសទាំងពីរ និងសម្រេចបានការ ព្រម ព្រៀងលើកព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។
លោកអនុប្រធានទី២ រដ្ឋសភាក៏បានថ្លែងអំណរគុណចំពោះមិត្តវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារាប់តាំងពីការជួយស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះលោកបានអរគុណចំពោះជំនួយរបស់វៀតណាមក្នុងការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា និងបានសំណូមពរដល់ ឯកឧត្តមអគ្គរដ្ឋទូត ជួយជំរុញដោះស្រាយបញ្ហាផ្សេងក្នុងការបញ្ចាប់ការងារសាងសង់ឱ្យបានឆាប់។
ក្នុងក្របខ័ណ្ឌនិតិប្បញ្ញត្តិ រដ្ឋសភាប្រទេសទាំងពីរ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ គ្នា ក្នុងគ្រប់កម្រិត។ ជាអាទិ៍ ថ្មីៗនេះរដ្ឋសភាប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ បានធ្វើទស្សនកិច្ចសិក្សារួមគ្នាទៅកាន់តំបន់ត្រីកោណ ដើម្បីស្វែងយល់អំពីតម្រូវ ការរបស់ប្រជាជននៃខេត្តនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងបី សំដៅស្វែងការអភិវឌ្ឍរួមគ្នា ប្រែក្លាយតំបន់នេះ ជាតំបន់នៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។
លោកង្វៀន ហ៊ុយតាំងឯកអគ្គរដ្ឋទូតវៀតណាមបានថ្លែង អំណរគុណចំពោះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាឱ្យលោកនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកបានអបអរសាទរចំពោះកម្ពុជា ដែលទទួលជោគជ័យក្នុងការរៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងការរៀបចំក្បាល ម៉ាស៊ីនដឹកនាំ រដ្ឋសភា និងរដ្ឋាភិបាលថ្មីដោយរលូន។
ក្នុងឱកាសនោះលោកអគ្គរដ្ឋទូត បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងយន្តការថ្មីៗបន្ថែមទៀត។លោកក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង ឡាយ ដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើការឃោសនាអប់រំ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់អំពីទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
លោក វង សូត បានគាំទ្រ និងឯកភាពចំពោះប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលទាំងពីរ ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថដែក រវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ លោកបានគូសបញ្ជាក់ថា នេះជាការរីកចម្រើនថ្មីមួយ ទៀត ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕SRN