ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមថែរក្សា ការពារដើមត្នោតរបស់យើងឱ្យបានល្អ ដែលជាសម្បត្តិរបស់ជាតិយើងកូនត្នោតចំនួន ១ ពាន់ដើម ត្រូវបានធ្វើការដាំដុះនៅតាមបណ្តោយផ្លូវល្បឿនលឿន ក្នុងក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដាំកូនត្នោតនេះ ក្រោមការចូលរួមពីលោកបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សនិស្សិតចូលរួមផងដែរ។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានឪ្យដឹង ថា តាមការគ្រោងទុកឆ្នាំនេះលោកមានផែនការដាំកូនត្នោតចំនួន ៥ ពាន់ដើម ហើយថ្ងៃនេះធ្វើការដាំកូនត្នោតចំនួន ១ ពាន់ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ការដាំនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៥ម៉ែត្រ ដើម្បីឱ្យដើមត្នោតលូតលាស់ធំធាត់បានលឿន បច្ចុប្បន្នយើងមានថ្នាលបណ្តុះកូនត្នោតដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤.០០០ដើម សម្រាប់ធ្វើការដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ យើងនឹងមានគម្រោងបណ្តុះបន្ថែមទៀត ដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានមានដំណាំកសិឧស្សាហកម្ម និងដំណាំ ហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប សៅម៉ាវ ធុរ៉េន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត។
ក្នុងឪកាសនោះ អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកបណ្ឌិត ម៉ុង ឬទ្ធី ដែលបានរៀបចំធ្វើការបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំកែវផុស និងស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿន ដើម្បីបង្កើន សោភ័ណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឪ្យវិស័យទេសចរណ៍ ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះ ក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ ។
ទន្ទឹមនោះលោក អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវឪ្យយុវជន សិស្សា នុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតរបស់យើងឪ្យបានល្អ ព្រោះនេះជាសម្បត្តិរបស់យើងទាំងអស់គ្នា មិនមែនជារបស់អ្នកណាម្នាក់នោះឡើយ ដូចនេះយើងរួមគ្នាការពារ ថែរក្សាឪ្យបានគង់វង្ស ហើយម្យ៉ាងទៀតដើមត្នោតក៏ជាកេរ្តិ៍តំណែលរបស់ដូនតារបស់យើងដែលបានបន្សល់ទុកសម្រាប់កូន ក្មួយជំនាន់ក្រោយ ព្រោះដើមត្នោតវាមានផលប្រយោជន៍ ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋយកមកធ្វើការកែច្នៃប្រើប្រាស់មានតម្លៃទាំងដើម ស្លឹក ធាង ផ្លែ សម្រាប់ប្រើប្រាស់បានគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ៕