Breaking News

ក្រសួងសុខាភិបាល និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការ លើកិច្ចការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ជំនាញផ្នែកមន្ទីរពិសោធន៍និងស្រាវជ្រាវ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយមន្ត្រីថ្នាក់ដឹកនាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge, IPC) ដឹកនាំដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបាន និងបន្តកិច្ចសហប្រតិបត្តិការបានយ៉ាងល្អរលូន លើកិច្ចការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស កិច្ចការចែករំលែកចំណេះដឹង បទពិសោធន៍ការងារជំនាញផ្នែកមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវសំដៅ «ប្រយោជន៍សាធារណៈ និងសុខមាលភាពប្រជាពលរដ្ឋ»។

លោកសាស្ត្រាចារ្យ Pr André SPIEGEL បានជម្រាបថា សកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផ្តោតលើគោលដៅចំនួន ៤ គឺ៖
១) ការស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ពិសេសផ្នែកជំងឺឆ្លង។
២) ការគាំទ្រដល់ផ្នែកសុខភាពសាធារណៈក្នុងប្រទេស ក៏ដូចជាក្នុងតំបន់។
៣) សេវាផ្នែកសុខាភិបាល (មន្ទីរពិសោធន៍ និងចាក់ថ្នាំបង្ការ) ។
និង ៤)ការអប់រំសុខភាព។

លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ប្រធានបទវិទ្យាសាស្ត្រនានារបស់វិទ្យាស្ថាន ផ្តោតលើជំងឺឆ្លងនានា និងបញ្ហាសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ព្រមទាំងក្នុងតំបន់ ក្នុងនោះមានជំងឺឆ្លងដោយពួក arbovirus ដោយវីរុសផ្លូវដង្ហើម ជំងឺឆ្កែឆ្កួត HIV ជំងឺរលាកថ្លើមដោយវីរុស ជំងឺរបេង ជំងឺគ្រុនចាញ់ បញ្ហាភាពមេរោគស៊ាំ និងថ្នាំផ្សះ និងជំងឺឆ្លងពីសត្វមក មនុស្ស។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជម្រាបជូនថា វិទ្យាស្ថានបានរួមចំណែកឆ្លើយតបប្រឆាំងការឆ្លងរាតត្បាតនៃកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចក្នុងនាមជា មន្ទីរពិសោធន៍ទីមួយនៅកម្ពុជា ដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀត នៃវិស័យសុខាភិបាល។

ក្រសួង នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយខាងវិទ្យាស្ថាន ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *