(ភ្នំពេញ)៖ លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Griffiths ប្រធានក្រុមការងារដោះមីននៃការិយាល័យ FCDO ចក្រភពអង់គ្លេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ក្រោមកម្មវិធីសកម្មភាពមីនសកល (Global Mine Action Programme_GMAP)។ ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់តំណាងការិយាល័យការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសថា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ពីព្រោះលទ្ធផលកើតចេញការបោសសម្អាតមីន គឺប្រជាពលរដ្ឋទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងមានជីវភាពរស់នៅល្អប្រសើរជាងមុន។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការគាំទ្រវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ចក្រភពអង់គ្លេស បានចូលរួមគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីន តាមរយៈអង្គការដោះមីន HALO Trust, MAG, NPA និងអង្គការ APOPO ព្រមទាំងបានចូលរួមគាំទ្រដល់ការកសាងសមត្ថភាពដល់មន្រ្តីបុគ្គលិកអាជ្ញាធរមីន ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបន្តថ្លែងទៀតថា ក្រោយសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមអំពីវឌ្ឍនភាព និងការវិវត្តន៍ថ្មីៗនៃសកម្មភាពមីននៅកម្ពុជា ជាពិសេសការយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចបានចាត់ទុកសកម្មភាពមីន គឺជាកិច្ចការជួយសង្រ្គោះ និងផ្តល់សុភមង្គលជាប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការងារបោសសម្អាតមីននេះ គឺមានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ៕SRN