កំពង់ស្ពឺ៖ តុលាការសម្រេចចោទប្រកាន់មនុស្សចំនួន ៥នាក់ និងបក្សពួកមួយចំនួនទៀតដែលកំពុងគេចខ្លួនករណីបាញ់បោះសេរីជាង ២០០គ្រាប់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចម្កាតែ លើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។ ក្នុងករណីនេះ មានមនុស្ស៤នាក់បានចូលខ្លួនសារភាព ខណៈជនបង្កសំខាន់ក្នុងរឿងនេះកំពុងគេចខ្លួន។
ករណីនេះដឹកនាំដោយ លោកព្រះរាជអាជ្ញា ស៊ិន វិរៈ ចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងចម្រុះ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ដែលទីតាំងនោះជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ២៨ឆ្នាំ។ នៅថ្ងៃកើតហេតុឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវិតា បាននាំមិត្តភក្ររបស់ខ្លួនទៅធ្វើខួបកំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់បាញ់រួច មានចំនួន ២០៣គ្រាប់។
ជនសង្ស័យចំនួន ៤រូបមាន ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ, ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ, ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៤ឆ្នាំ និង ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣២ឆ្នាំ បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ និងបក្ខពួកកំពុងគេចខ្លួន៕