ព្រះសីហនុ៖លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ បានចេញលិខិតបង្គាប់ការមួយដោយសម្រេចបង្កើតក្រុមការងារ ចុះស្រាវជ្រាវអំពីសាវតារទីតាំងដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧ប័ណ្ណ ដែលស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នេះបើយោងតាមលិខិតបង្គាប់ការ ដែល អែស អរ អិន ទើបទទួលបាន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នេះ ។
លិខិតបង្គាប់ការរបស់លោកអភិបាលខេត្តព្រះសីហនុ នាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ទៅលើលោក ចេង ស្រុង ដែលជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ ថា បានចេញប្លង់រឹងចំនួន៧ប័ណ្ណទំហំជាង៣០ហិកតា គ្របលើដីព្រៃកោងកាងដុះក្រាស់ឃ្មឹក ដែលការពារដោយក្រសួងកសិកម្ម ។
ប៉ុន្តែបញ្ហានេះ នាពេលកន្លងទៅ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ក៏បានចេញសេចក្ដីថ្លែងការណ៍បដិសេធ ផងដែរ ។
យោងតាមលិខិតបង្គាប់ការរបស់លោកអភិបាលខេត្តព្រះសីហនុ គឺ បង្គាប់ឲ្យមានការចុះស្រាវជ្រាវអំពីសាវតារទីតាំងដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុ ចំនួនប្រាំពីរបានមានលេខដូចតទៅ ៖ 0334 , 0335 , 0339 , 0340 , 0341 , 0342 និង 0343 ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រុមការងារដែលមានសមាសភាពចំនួន១៥រូប នេះ គឺ មានភារៈកិច្ចដូចខាងក្រោម ៖
-មន្ត្រីបច្ចេកទេសនៃការិយាល័យរៀបចំដែនដី នគររូបនីយកម្មសំណង់និងភូមិបាលស្រុកព្រៃនប់ , មន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុនិងមន្ត្រីខណ្ឌជលផលនៃមន្ទីរកសិកម្មខេត្តព្រះសីហនុ ត្រូវផ្ដល់ផែនទីនិងរបាយការណ៍បច្ចេកទេស ជូនប្រធានក្រុមការងារបន្ទាប់ពីគណនារួចរាល់ ។
-សមាជិកក្រុមការងារត្រូវចូលរួមបំពេញការងារនិងចូលរួមក្នុងកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ប្រធានក្រុមការងារ ។
-សមាជិកក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ។
ក្រុមការងារត្រូវធ្វើកំណត់ហេតុនិងរបាយការណ៍អំពីលទ្ធផលការងារគោរពជូនលោកអភិបាលខេត្តព្រះសីហនុដើម្បីពិនិត្យនិងសម្រេច ។
ពាក់ព័ន្ធបញ្ហានេះ តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក៏បានធ្វើលិខិតមួយច្បាប់គោរពជូន លោកឧបកនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ជុំវិញការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានជាច្រើនដែលមានចំណងជើងថា «ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លួចចេញប្លង់រឹងឲ្យឪពុកមាខ្លួនចំនួន៧ប័ណ្ណគ្របលើដីព្រៃកោងកាងនៅស្រុកព្រៃនប់»៕SRN