ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ពន្ធ័ការងារនេសាទសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធនិងបងប្អូនប្រជានេសាទ តម្រូវឲ្យគ្រប់ទូកនេសាទចុះបញ្ជីការតាមនិតិវិធី ហាមឃាត់ការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ឬនេសាទ ក្នុងតំបន់ហាមឃាត់ ក្នុងនោះអាជ្ញាបានដាក់បំរាមដាច់ខាត ហាមឃាត់មិនឲ្យនេសាទខ្យងស ហើយអ្នកដែលល្មើសនឹងទទួលការផាកពិន័យឬឈានទៅផ្តន្ទាទោសតាមច្បាប់។
ក្នុងនោះលោក អភិបាលខេត្តព្រះសីហនុ និងលោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល ក៏បានពិនិត្យនិងដោះស្រាយបញ្ហាមួយចំនួនដែលអ្នកនេសាទស្នើឡើង ដោយផ្អែកតាមគោលការណ៍និងគ្រប់ទម្រង់ច្បាប់។
លោកប្រធានប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលបាទលើកឡើងថា ដោយបច្ចុប្បន្នប្រភេទត្រីទាំងទឹកសាបនិងទឹកប្រៃត្រូវបានខ្សត់ខ្សោយទៅៗដូចនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មបានដាក់វិធានការក្នុងការបង្ក្រាបបទល្មើសនេសាទ ដើម្បីឲ្យផលនេសាទកើនឡើងវិញ។ ក្រោយមានការបង្ក្រាបផលនេសាទត្រីដែលប្រភេទត្រីមួយចំនួនស្ទើរតែផុតពូជបច្ចុប្បន្នត្រូវមានការកើនឡើងវិញ បន្ទាប់ពីមានការបង្កាទប់ស្កាត់បទល្មើសនេសាទធំៗ លោកក៏បានបញ្ជាក់ថាផលនេសាទកាន់តែខ្សត់ខ្សោយ បងប្អូនប្រជានេសាទកាន់តែកែច្នៃឧបករណ៍នេសាទផ្សេងៗ ក្នុងការប្រកបរបរប្រចាំថ្ងៃដែលធ្វើឲ្យផលនេសាទ កាន់តែហិនហោចទៅពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្មចំពោះមុខនិងបង្កើតច្បាប់ថ្មី ដែលនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យបងប្អូនប្រជានេសាទបានយល់កាន់តែច្បាស់ឧបករណ៍ណាដែលអនុញ្ញាតឧបករណ៍ដែលមិនអនុញ្ញាតឲ្យប្រើក្នុងដែននេសាទទីតាំងណាដែលអនុញ្ញាតទីតាំងណា ដែលជាកន្លែង មិនអនុញ្ញាតកន្លែងអភិរក្សនិងមានការជំរុញឲ្យបងប្អូនប្រជានេសាទទៅចុះបញ្ជីទូករបស់ខ្លួនឲ្យបានគ្រប់ៗគ្នា។
លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ចំពោះឆកកំពង់សោមគឺមិនអនុញ្ញាតឲ្យមានការនេសាទប្រភេទទូកអូសធុនធំនោះទេ សម្រាប់ទុកឲ្យប្រជាពលរដ្ឋដែលមានទុក្ខតូចប្រកបអាជីវកម្មឬទុកកន្លែងនេះ សម្រាប់ជាកន្លែងនេសាទទេសចរណ៍ជំរុញឲ្យបងប្អូនប្រជានេសាទទូកធំៗទៅនេសាទនៅខាងក្រៅឆកវិញ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់លោកអភិបាលខេត្ត ក៏បានលើកឡើងថាត្រូវមានវិធានការចំពោះមន្ត្រីសមត្ថកិច្ចជំនាញត្រូវចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋគឺមិនមែនឲ្យមកគាបសង្កត់លើប្រជាពលរដ្ឋនោះឡើយ។
លោកក៏បានបន្ថែមថាចាប់ពីពេលនេះទៅបើមានសមត្ថកិច្ចមន្ត្រីជំនាញចុះកៀបសង្កត់ទារលុយពីបងប្អូនប្រជានេសាទលោកបានផ្ដល់លេខទូរស័ព្ទទំនាក់ទំនងផ្ទាល់របស់លោកសម្រាប់ទទួលព័ត៌មានពីបងប្អូនប្រជានេសាទ ហើយលោកនឹងចាត់មានវិធានការក្នុងការបើកស៊ើបអង្កេតស្រាវជ្រាវដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលជួបបញ្ហានៅលើដែនសមុទ្រហើយបងប្អូនប្រជាពលរដ្ឋគឺជាភ្នែកជាច្រមុះដល់អាជ្ញាធរសមត្ថកិច្ចដូចនេះរាល់មានបញ្ហាបទល្មើសកើតឡើងសូមរាយការណ៍ជូនមកអាជ្ញាធរដើម្បីមានវិធានការក្នុងការដោះស្រាយបានទាន់ពេលវេលា៕