សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ។
នៅក្នុងពិធីនេះមានគណបក្សនីមួយៗចូលរួមចំនួន ២៩ គណបក្ស ។
តាមការគ្រោងទុកក្រោយជំនួប សម្តេចធិបតី និងបណ្តាគណបក្សនយោបាយនឹងពិសារអាហារសាមគ្គី ។ បន្ទាប់ទៅពេលរសៀលនឹងមានសន្និសីទសារព័ត៌មានដោយ ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
សូមជំរាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិទីមួយត្រូវបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតជាតិលើកទី៦ ឆ្នាំ ២០១៨ តាមរយៈគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ការបង្កើតឡើងវិញសំរាប់អាណត្តិទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដើម្បីប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍន៍ជាតិ៕SRN