Breaking News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព និងលទ្ធផលផ្លែផ្កា ក្រោយចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលផ្លែផ្កា ក្រោយអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមរំលឹកថា ការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺតបតាមការអញ្ជើញរបស់ លោក គីស៊ីដា ហ្វឹមីអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន។

ក្នុងកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញ លើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមក ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការ អនុវត្តន៍នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្រ្ត ដែលបានអនុម័តកាលពីឆ្នាំ២០១៣។

កិច្ចប្រជុំកំពូល រំលឹកខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន២ ដែលជាឯកសារគោលតម្រង់ទិស នៃការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការបើកទំព័រថ្មី នៃទំនាក់ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត រួមមាន៖ ១) សេចក្ដីប្រកាសចក្ខុវិស័យរួម ស្ដីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និង ២) ផែនការអនុវត្តន៍នៃសេចក្ដី ប្រកាសចក្ខុវិស័យរួមនេះ។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាពក្នុងភាពចម្រុះ» និងបានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជាវេទិកាថ្មីមួយទៀត នៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។

នៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីជប៉ុន ក៏បានប្រកាសផងដែរ នូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាពជាដៃគូដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ពាន់លានយ៉េន (ប្រមាណ ២៨១, ៤៤លានដុល្លារអាមេរិក) សម្រាប់រយៈ ពេល ១០ឆ្នាំខាងមុខ និងគម្រោងដែលមានទឹកប្រាក់ចំនួន ១៥ពាន់លានយ៉េន (ប្រមាណ១០៥,៥៤លានដុល្លារអាមេរិក) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និងការផ្លាស់ប្ដូរការបណ្ដុះបណ្តាលមូលធនមនុស្ស។

ជាការឆ្លើយតប សម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និងបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តឱ្យបានពេញ លេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្រាប់វិស័យថាមពល កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹងសហគមន៍ បំភាយឧស្ម័ន សូន្យអាស៊ី (Asia Zero Emission Community) ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ មូលដ្ឋានគ្រឹះនៃអន្តរកាល ថាមពលរបស់កម្ពុជា គឺស្របគ្នាជាមួយនឹងសកម្មភាពរួមដែលជាចក្ខុវិស័យនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី។

កម្ពុជាជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងយល់ស្រប អំពីវិធីសាស្ត្រដែលផ្អែកទៅ តាមស្ថានភាពតំបន់និងសង្គមរបស់ប្រទេសនីមួយៗ។ ក្នុងនោះយុទ្ធសាស្ត្រ អព្យាក្រឹតកាបូនរបស់កម្ពុជា ឈរលើសរសរស្តម្ភចំនួន ៣ រួមមាន៖ ការបង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការពង្រីកអគ្គិសនី ភាវូបនីយកម្ម។ ស្របពេលកម្ពុជា កំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់មានចក្ខុវិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពលមួយ ប្រកបដោយចីរភាព វិបុលភាព និងស្អាត សម្រាប់ប្រទេសជាតិរបស់យើង និងតំបន់។

សូមជម្រាបដែរថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗរបស់ជប៉ុនជាង១០ បានចូលជួបពិភាក្សាដោយផ្ទាល់ និងក្រៅពីនោះ ក្នុងវេទិកាធុរកិច្ច ក៏មានក្រុមហ៊ុនជប៉ុនជាង៥០០ បានចូលរួមផងដែរ។ នេះសបញ្ជាក់ថា វិនិយោគទុនជប៉ុន បានចាប់អារម្មណ៍យ៉ាងខ្លាំង លើកម្ពុជា ក្នុងការស្វែងរកឱកាសវិនិយោគ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *