Breaking News

សមត្ថកិច្ចកម្ពុជា ច្រានចោលចំពោះការព្រួយបារម្ភរបស់ស្ថានទូតរុស្ស៉ី អំពីបញ្ហាសន្តិសុខក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយ លើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការសម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា បច្ចុប្បន្នស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជាបានលើកឡើងនោះទេ និងបានបញ្ជាក់ថា៖

១. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ដែលកំពុងរស់នៅ និងមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញគ្រប់កាលៈទេសៈទាំងអស់ ដោយបានចាត់ទុកការងារនេះមានសារៈសំខាន់ និងចាំបាច់បំផុត។

២. គ្រប់បទល្មើសដែលបានកើតឡើង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយ និងខិតខំស្រាវជ្រាវឱ្យអស់លទ្ធភាព ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាប្រព្រឹត្តល្មើសមកផ្ដន្ទាទោស តាមនីតិវិធីច្បាប់។ ទន្ទឹមគ្នានោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំយន្តការ ផែនការ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់ឱ្យកាន់តែមាន ប្រសិទ្ធភាព។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចការចេញផ្សាយរបស់ស្ថានទូតសហព័ន្ធរុស្ស៊ី។

ក្នុងករណីមានបញ្ហាកើតឡើង អាចទំនាក់ទំនងរាយការណ៍អំពីហេតុការណ៍ភ្លាមៗ ទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលដែលនៅជិតបំផុត ឬតាមរយៈលេខទូរសព្ទ Hotline: ១១៧ និង ០១២ ៩៩៩ ៩៩៩ ដើម្បីសមត្ថកិច្ច ធ្វើការដោះស្រាយបានទាន់ពេលវេលា៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *