Breaking News

ឯកឧត្តម លី ធុច ៖​ រយៈពេលជាង ៣១ឆ្នាំ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា​ និងបំផ្លាញចោលមីន ព្រមទាំងយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់

ភ្នំពេញ​៖​ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា​ រយៈពេលជាង ៣១ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់ ព្រមទាំងបានធ្វើឱ្យ ចំនួនជនរងគ្រោះ បានថយចុះមកនៅក្រោម១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល១០ឆ្នាំ និងមកក្រោម៥០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ ចុងក្រោយ។

ការលើកឡើង​បែបនេះ​របស់ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នាឱកាស​អញ្ជើញចូលរួមមេទ្ទិញប្រារព្ធខួបលើកទី២៥ ទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណមណ្ឌលកីឡាដ្ឋានខេត្ត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្តបាត់ដំបង​ តំណាងស្ថានទូត ប្រតិបត្តិករជាតិ-អន្តរជាតិ អង្គការពាក់ព័ន្ធ ជនរងគ្រោះដោយសារមីន ក្រសួង ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន ដៃគូអភិវឌ្ឍន៍ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍”

ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សប្បុរជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់ការគាំទ្រដល់ដំណើរការសកម្មភាពមីននៅកម្ពុជា។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅ
កម្ពុជា៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *