អូស្រ្តាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន នៃប្រទេសអូស្រ្តាលីហើយនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨ និង៣០នាទីពេលវេលាប្រទេសអូស្រ្តាលី ត្រូវនឹងម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃ២ ខែមីនា ឆ្នាំ២០២៤វេលានៅកម្ពុជា។
នៅអញ្ជើញដល់អាកាសយានដ្ឋានមានការទទួលស្វាគមន៍ដោយឯកឧត្តម Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងមន្រ្តីការទូតជាច្រើន។
អញ្ជើញបន្តដំណើរទៅកាន់សណ្ឋាគារនៃការស្នាក់នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី សហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ជាច្រើននាក់នាំគ្នាទៅទទួលស្វាគមន៍ចំពោះដំណើរអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់សណ្ឋាគារ។
ក្នុងទឹកចិត្តស្រលាញ់គាំទ្រចំពោះការដឹកនាំសម្តេចធិបតី ពលរដ្ឋខ្មែរបានចំណាយពេលវេលា ថវិកាផ្ទាល់ខ្លួនដើម្បីបានជួប និងស្វាគមន៍ចំពោះវត្តមានសម្តេចធិបតី និងលោកជំទាវបណ្ឌិត លើទឹកដីអូស្រ្តាលី ក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលី។
សហគមន៍ខ្មែរបានបង្ហាញចំណាប់អារម្មណ៍ថា “យើងខ្ញុំជួបជុំគ្នានេះដើម្បីបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ និងខ្លាំងក្លាបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា”។ ពលរដ្ឋខ្មែរបានស្រែកគាំទ្រថា “ស្រលាញ់សន្តិភាព ស្រលាញ់សម្តេចតេជោ ហ៊ុន សែន ស្រលាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងបន្តគាំទ្រជានិច្ច”។ល។
សូមជំរាបថា តាមគម្រោងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនឹងឆ្លៀតពេលវេលាដើម្បីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ៕