ភ្នំពេញ៖ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាព ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ចុងនីតិកាលទី៦ នៃរដ្ឋសភា និងតែងតាំងជាថ្មីម្ដងទៀតនៅនីតិកាលទី៧ នៃរដ្ឋសភា។ ក្រោយលោក ព្រាប កុល ទទួលបានការតែងតាំង លោក ទទួលបានការវាយប្រហារ និងរិះគន់ពីសំណាក់ក្រុមប្រឆាំងយ៉ាងចាស់ដៃ។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថលោក ព្រាប កុល បែបនេះ?
ក្នុងការបញ្ចេញមតិឆ្លើយឆ្លងជាមួយលោក ព្រាប កុល លើទំព័រហ្វេសប៊ុក អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរី លោក មួង ណារ៉េត បានមើលឃើញថាការណ៍ដែលក្រុមប្រឆាំងរិះគន់ មាក់ងាយ ឬជេរប្រមាថយ៉ាងចាស់ដៃទៅលើអតីតប្រធានអង្គការតម្លាភាពរូបនេះ គឺព្រោះតែក្រុមប្រឆាំងខឹងសម្បា ស្តាយស្រណោះ អាឡោះអាល័យ ហើយដែលមិននឹកស្រមៃថាលោកលោក ព្រាប កុល ចូលរួមជាមួយរដ្ឋាភិបាល ចាកចោលពួកគេបែបនេះសោះ។ មូលហេតុមួយផ្សេងទៀត គឺពលរដ្ឋគិតខុសពីលោក ព្រាប កុល។
លោក មួង ណារ៉េត បានមើលឃើញទៀតថា ក្រុមប្រឆាំងរិះគន់ វាយប្រហារ លោក ព្រាប កុល ព្រោះពលរដ្ឋអាចយល់ថា រដ្ឋាភិបាលមានមនុស្ស ច្រើនរាប់មិនអស់ សុទ្ធតែបញ្ញវន្ត បណ្ឌិត សាស្ត្រាចារ្យ នៅតាមក្រសួងមន្ទីររដ្ឋ ដែលមិនដឹងយកទៅណាអស់ ដែលមិនចាំបាច់អីត្រូវដណ្ដើមរូបលោក ព្រាប កុល ពីស្ថាប័នឯករាជ្យ ដែលកំពុងខ្សត់មនុស្សដូចលោកខ្លាំងនោះ។
ចំពោះការរិះគន់ ការវាយប្រហារ និងការមាក់ងាយ ការប្រមាថពីសំណាក់ក្រុមប្រឆាំងមកលើលោក ព្រាប កុល បែបនេះ អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុអាស៊ីសេរីយល់ថា គឺជារឿងមិនសមគួរ។
ជាការឆ្លើយតបពីសំណាក់ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវិញ លោកបានឆ្លើយថា លោកបម្រើជាតិមាតុភូមិតាមឧត្តមគតិ ឆន្ទ: សមត្ថភាព និងលទ្ធភាពរបស់លោក ប៉ុន្តែលោកមិនបានព្យាយាមស្វែងរកការកោតសរសើរ ឬតម្រូវចិត្តរបស់ពលរដ្ឋ ឬសកម្មជននយោបាយ ឆ្វេង ឬស្តាំនិយម ឬនិន្នាការនយោបាយណាមួយឡើយ។
លោក ព្រាប កុល អះអាងថា លោកចូលរួមជាមួយរដ្ឋាភិបាល ព្រោះលោកអាចរួមចំណែកកែលម្អសង្គមជាតិ តាមយន្តការរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំ និងកាច់ចង្កូតដោយបញ្ញាវន្តនៃអ្នកជំនាន់ថ្មី។ លោក ព្រាប កុល ពន្យល់ថា ការងារកែទម្រង់មិនអាចធ្វើមួយថ្ងៃ មួយខែ ឬមួយឆ្នាំបានលទ្ធផលទេ ដូច្នេះលោករដ្ឋមន្ត្រីប្រតិភូមនាយករដ្ឋមន្រ្តី បានស្នើរឱ្យជនរួមជាតិមេត្តាយោគយល់ និងចូលរួមការងារកែទម្រង់ជាមួយរដ្ឋាភិបាលទាំងអស់គ្នា។
ចំពោះការរិះគន់ វាយប្រហារ ព្រោះតែការខកចិត្ត ឬមិនពេញចិត្តចំពោះការសម្រចចិត្តចូលបម្រើការងារក្នុងជួររដ្ឋាភិបាលនោះ លោក ព្រាប កុល បានតបថា ក្រុមប្រឆាំងគ្រាន់តែអាចរំសាយចិត្តប៉ុណ្ណោះ ប៉ុន្តែការរិះគន់ ការវាយប្រហារ ការប្រមាថលោក មិនមានផលចំណេញសម្រាប់ជាតិឡើយ៕SRN