Breaking News

នគរបាលជាតិកម្ពុជា និងអង់គ្លេស ឯកភាពបន្តរួមសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបគណៈប្រតិភូស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដឹកនាំដោយ លោក ដូមីនិក វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងលោក រូប ក្លាក (Rob Clark) មន្ត្រីសម្របសម្រួលថ្នាក់តំបន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មចាត់តាំង និងធ្ងន់ធ្ងរ (Serious and Organized Crime Network) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពបន្តរួមសហការគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា បានប្រាប់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពីគោលបំណងជំនួប ដើម្បីផ្លាស់ប្តូទស្សនៈគ្នាទៅវិញទៅមករវាងមន្ត្រីជំនាញប្រចាំចក្រភពអង់គ្លេសទទួលបន្ទុកប្រយុទ្ឌប្រឆាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ដែលមានអង្គការចាត់តាំង ក្នុងនោះផ្តោតសំខាន់ទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតរីកសាយភាយគ្រប់ទីកន្លែងជា ពិសេសនៅតំបន់អាស៊ាន។

លោក ដូមីនិក វីល្លៀម ក៏បានមានចំណាប់អារម្មណ៍អំពីគោលជំហររបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពិនិត្យមើលនូវវិស័យណាមួយដែលភាគីអង់គ្លេសអាចជួយបំពេញបន្ថែមគាំទ្រដល់នគបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាលជាតិកម្ពុជាចំនួន ៤ធំៗ ទី១ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគ្រប់វិធានការណ៍ ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែនដែលជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើជួញដូរមនុស្ស។ ទី២ ការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចនគរបាលជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល។ ទី៣ ជាការគាំទ្រដល់ការប្តេជ្ញាចិត្តនគរបាលជាតិកម្ពុជាបានបង្ក្រាបបទល្មើសឆបោកឆ្លងដែន និងការជួញដូរមនុស្សដោយសហការផ្លាស់ប្តូព័ត៌មានជាមួយដៃគូរសហប្រតិបត្តការជាច្រើនករណី។ ទី៤ នគរបាលជាតិកម្ពុជា ចាត់ទុកអំពើឆរបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សជាបទល្មើសដែលមានហានិភ័យខ្ពស់ ដែលនគរបាលជាតិកម្ពុជាប្តេជ្ញានិងប្រឹងប្រែងបើកកិច្ចសហប្រតិបត្តការទូលំទូលាយជាមួយដៃគូ ដើម្បីធ្វើការទប់ស្កាត់ និងប្រឆាំងបទល្មើសឱ្យបានជោគជ័យ។

ចំណែកលោក ដូមីនិក វីល្លៀម បានអបអរសាទដល់នគរបាលជាតិកម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមបានល្អក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានថ្លែងអំណរគុណចំពោះការវាយតម្លៃអំពីកិច្ចប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា ក្នុងការរក្សាសុវត្ថិភាពសន្តិសុខនៅក្នុងប្រទេស និងឯកភាពបន្តរួមសហការគ្នាតាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការជួយគាំទ្របណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា និងគាំទ្រលើមធ្យោបាយឧបករណ៍សម្ភារបចេ្ចកវិទ្យាទំនើប ដើម្បីបន្តប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆរបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *