ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អាំ សុជាតិ នាយកមន្ទីរ សហការជាមួយស្នងការរាជធានីភ្នំពេញ និងដឹកនាំសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច បុរីជ័រឧត្តម បន្ទប់ជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
លទ្ធផល សមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យ ២នាក់ ឈ្មោះ ម៉ែន ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ញឹក ពៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
ទន្ទឹមនេះចាប់បានវត្ថុតាងគ្រឿងញៀន ប្រភេទអ៉ិស្តាស៊ី (MDMA) ទម្ងន់ ២ ០៣៥.៩៥ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់៤.១៥ក្រាម, ប្រភេទកេតាមីន (KETAMINE) ទម្ងន់១១.២០ក្រាម, គ្រឿងញៀនសរុបទម្ងន់ ២គីឡូ និង៥១.៣០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមបន្តនីតិវិធី៕SRN