Breaking News

លោក គួច ចំរើន៖ គណបក្សប្រជាជនកម្ពុជា ប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្តុងឧត្តមរបស់ជាតិ និងប្រជាជន

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះ សីហនុ បានឲ្យដឹងថា មិទ្ទិញរំឭកខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៤) ជាឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្តុងឧត្តមរបស់ជាតិ និងប្រជាជន ដើម្បីឯករាជ្យជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី តស៊ូរំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការពារ ស្តារនិងកសាងប្រទេសឡើងវិញ ថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។

លោកមានប្រសាសន៍នេះក្នុងពិធីប្រារព្ធមិទ្ទិញរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៤) នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកាមកពីក្រុង ស្រុកទាំង៥ សរុប ប្រមាណជា១ .០០០នាក់។

លោក ប្រធានគណបក្សខេត្ត បានបញ្ជាក់ថា ឆ្លងកាត់ក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាកបំផុត ឈានពីជ័យជំនះមួយទៅកាន់ជ័យជំនះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាងធំធេងចំពោះការឋិតថេគង់វង្ស និងការរីកចម្រើនរបស់ជាតិ។ យើងមានមោទនភាពបំផុតអំពីបណ្តាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលយើងសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្តើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិទាំងមូលមានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ។

លោក ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ បានបន្តថា បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនជ្រោងទង់មហាសាមគ្គី ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ទប់ស្កាត់ការប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកវិញ និងស្តារកសាងមាតុភូមិឡើងវិញពីគំនរផេះផង់។ ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្តុំនូវធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ហើយ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កា៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *