Breaking News

ជប៉ុនកោតសសើរកម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌

ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​ក្នុង​ខណៈ​ចូលជួប ពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរ​មីននាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងកោត​សរសើរ​ និង​អរគុណ​ជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​លើ​កិច្ច​ប្រតិបត្តិការ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុនវិញផងដែរ ដែលបានចូលរួម​គាំទ្រ​យ៉ាង​សកម្ម និង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ដល់​វិស័យ​សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ដែលកម្ពុជា​បាន​ចាត់​ទុក​ជប៉ុន​គឺ​ជាដៃគូដ៏លេចធ្លោនិងយូរអង្វែងមួយ។ ឯកឧត្តម បានបញ្ជាក់បន្តថា ការចូលរួមរបស់ជប៉ុន ពិតជា​បានរួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផ្តល់​ដី​សុវត្ថិភាព​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​សារមីន និងលើកកម្ពស់វិស័យកសិកម្ម ជាដើម។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្ម ភាពមីនសកល និង​គាំទ្រ​ដល់​បណ្តា​ប្រទេស​នានា ដែលមានតម្រូវ ការក្នុងវិស័យសកម្មភាពមីន។ ជាមួយគ្នានោះ កម្ពុជា សូម​គាំទ្រ​ភាព​ជាប្រធានរបស់ប្រទេសជប៉ុន នៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើកទី២២ ឆ្នាំ​២០២៥ ខាងមុខ។

នៅក្នុងឱកាសនោះឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្រៅពី​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​លើ​កិច្ច​ប្រតិបត្តិការបោសសម្អាតមីនមនុស្ស ធម៌នៅកម្ពុជា ។ ឯកឧត្តម Ueno Atsushi ក៏បានថ្លែង ប្រាប់​ឲ្យ​ដឹងដែរថា លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុននិងប្រធានស្ថាប័ន JMAS នឹងអញ្ជើញ​ធ្វើ​ទស្សន​កិច្ច​ផ្លូវការនៅប្រទេសកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ។ ដោយ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ប្រធានស្ថាប័ន JMAS នឹងចូលជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត លី ធុជផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *