Breaking News

អបអរសាទរ រុក្ខទិវា ៩កក្កដា! កូនឈើប្រណិត បេង គ្រញូង ជាច្រើនដើម បានបន្តដាំនៅក្នុងបរិវេណនៃវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស

ភ្នំពេញ៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល និងមានសមាជិក-សមាជិកាសមាគម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធជាតិកម្ពុជា កាកបាទក្រហមកម្ពុជា សមាជិក សសយក និងអាជ្ញាធរភូមិ សង្កាត់ព្រែកកំពឹស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលរួមដាំដើមឈើប្រណិត បេង និងគ្រញូងចំនួន ១០០ដើម ក្រោមប្រធានបទ៖ «ដើមឈើមួយ ជីវិតមួយ» ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៤ នៅក្នុងបរិវេណនៃវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នាកាសនោះលោកប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានបង្ហាញនូវក្តីរីករាយនៅពេលឃើញមានការចូលរួមដាំដើមឈើយ៉ាងច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា សមាជិក សសយក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពលនៅថ្ងៃនេះ។

លោក មែ ស៊ីថុន បានឲ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺជាការបង្ហាញនូវសាមគ្គីភាព ភាតរភាព អនុស្សាវរីយ៍ និងស្មារតីស្រលាញ់បរិស្ថាន។ ការចូលរួមដាំដើមឈើក្រោមប្រធានបទ «ដើមឈើមួយ ជីវិតមួយ» គឺជាចលករមួយដ៏សំខាន់ប្រកបដោយអត្ថន័យក្នុងការបំផុសសកម្មភាពដាំដើមឈើ ថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីបណ្តុះគំនិតថែរក្សាការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។

លោកប្រធានបានបញ្ជាក់ថា កូនឈើប្រណិតដែលបានដាំនៅថ្ងៃនេះរួមមាន៖ បេង និង គ្រញូង សរុបចំនួន ១០០ដើម ដែលទទួលបានការឧបត្ថម្ភពីលោក បឿ ចាស្ទីន រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិច ។ លោកបានបន្តថា លោក បឿ ចាស្ទីន តែងតែជួយឧបត្ថម្ភគាំទ្រនូវសកម្មភាពរបស់សមាគមជាប់ជានិច្ចដូចជា សម្ភារសិក្សា ការតាប កង់ និងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជាប់ចត្តឡីស័ក និងបញ្ជាការដ្ឋានទ័ពពិសេស (ឆត្រយោង ៩១១) នាពេលកន្លងទៅ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាន និងថ្នាក់ដឹកនាំសមាគម បានចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីចាត់ ១ខ្នង កម្ពស់ ២ជាន់ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ដោយលោកប្រធានបានបញ្ជាក់ថា ការសាងសង់នេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *