ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រដើម្បីជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា ភាពសុខុដុមរមនានៃសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា បានបង្ហាញអំពីមោទកភាពជាតិខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុងមួយក្នុងការកសាងអំពើល្អខាងសាសនា គឺជាការបណ្តុះនូវពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺការអប់រំបញ្ញាស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា ការអប់រំកាយ វាចា ចិត្ត និងបញ្ញាស្មារតីតាមបែបសាសនា ពិតជាមានសារៈសំខាន់ដែលអាចជួយឱ្យប្រជាជន បានយល់ដឹងអំពីគុណនិងទោស បុណ្យនិងបាប កុសលនិងអកុសល មានហេតុមានផល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អទៅក្នុងសេចក្តីសុខជាប្រក្រតីគឺ ការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពឱ្យតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយយកអាសារគ្នា មានស្មារតីនឹងនរ រឹងមាំ និងមិនលង់តាមកលល្បិចបោកបញ្ឆោតតាមគ្រប់រូបភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍រម្លឹកបន្ថែមថា ក្រោយការរំដោះក្នុងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលនៅសេសសល់ពីសេចក្តីស្លាប់ បានទទួលនូវសិទ្ធិសេរីភាពពេញលេញក្នុងការគោរពជំនឿសាសនាឡើងវិញរហូតមកដល់ពេលច្ចុប្បន្ននេះ ចំនួនវត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានរហូតដល់ទៅជាង ៥ ០០០វត្ត ព្រមទាំងព្រះវិហារគ្រឹស្តសាសនា និងឥស្លាមសាសនា គ្របដណ្តប់ស្ទើរគ្រប់ឃុំ សង្កាត់ រហូតដល់ភូមិ និងមានបុព្វជិតរាប់ម៉ឺនអង្គ ដែលអាចផ្តល់នូវឱវាទដល់ប្រជាជន តាមការទេសនាដោយផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយកម្មវិធីឌីជីថល ដើម្បីជួយចម្រើនវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ចសង្គម។
ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងងាយស្រួលក្នុងការអនុវត្តសកម្មភាពការអប់រំ បង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ ព្រមទាំងជួយបង្កលក្ខណៈងាយស្រួលដល់សកម្មភាពបែបសាសនាអប់រំប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍសង្គមប្រកបដោយចីរភាព៕SRN