Breaking News

តុលាការសម្រេចឃុំខ្លួនម្ចាស់គណនីFacebook ឈ្មោះ Yubee Ly ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលជាម្ចាស់គណនី Facebook ឈ្មោះ Yubee Ly ដាក់ពន្ធនា គារជាបណ្តោះអាសន្នពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។ ការសម្រេចឃុំខ្លួនម្ចាស់គណនី Facebook ឈ្មោះ Yubee Ly នោះ បន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការពីបទកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ យោងតាមមាត្រា២០ ស្តីពីជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ ទិញ លក់ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែដល់ ២ឆ្នាំ នឹងពិន័យជាប្រាក់ពី៥០ម៉ឺនដល់២លានរៀល ។

សូមរម្លឹកថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ភ្ជាប់ជាមួយខ្លឹមសារ«អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។

ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវជាបន្ទាន់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។

ប្រហែល១ម៉ោងក្រោយការបង្ហោះក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបានកំណត់ នឹងទីតាំងស្នាក់នៅ រហូតឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

ផ្អែកតាមការសាកសួរជំហ៊ានដំបូងស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែង ក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly ។

យ៉ាងណាមិញករណីនេះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។ ចំណាត់ ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់ ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន ៕SRN

Check Also

ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋដល់ទៅជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *