ភ្នំពេញ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ សម្រេចបើកការស៊ើបសួរលើជនត្រូវចោទ ឈ្មោះ គុយ វ៉ាត ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួង មហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គុយ វ៉ាត ពាក់ព័ន្ធ បទល្មើស ឆបោកប្រាក់រាប់លានដុល្លារ និងករណីពាក់ព័ន្ធនឹងការចេញស្អែកស្អុយជាច្រើនទៀត។ ការចាប់ខ្លួនលើបុគ្គលដែលមានជាប់ពាក់ព័ន្ធរឿងរ៉ាវប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់បានដាក់ ពាក្យបណ្ដឹងប្ដឹងលើជនរូបនេះ។
លោក គុយ វ៉ាត មានតំណែងជាអគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ លោកបានដំណើរការក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន Atech IT Solutions, ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd, រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ ថ្មីៗនេះ លោក គុយ វ៉ាត ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIC ត្រូវបានរងការចោទប្រកាន់ថា បានឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ។
បច្ចុប្បន្ន ជនត្រូវចោទ ឈ្មោះ គុយ វ៉ាត ត្រូវបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាម២០២៤៕SRN