កណ្តាល៖ បើយោងតាមសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភា បានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ថា « ថ្ងៃនេះ សម្ដេចបានទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថា លោក លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ»។
សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានឲ្យដឹងអំពីទង្វើទុច្ចរិតរបស់លោកលីសាម៉េតហៅគ្រូមា។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមថា ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យសុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។
មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅលី សាម៉េតឲ្យសងលុយទៅមួង ឃីមចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោកកន សុខកាយអភិបាលស្រុកល្វាឯមថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។
ករណីលី សាម៉េតអាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។
ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕ដោយ៖ សិរី នាគ
( រូបភាពលោក កន សុខកាយអភិបាលស្រុកល្វាឯម)
( រូបភាពលោក លី សាម៉េត ហៅគ្រូមា )