ដោយ៖ សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នាពេលថ្មីៗនេះមានគេហទំព័រសារព័ត៌មានបរទេសមួយ បានសរសេរក្នុងចេតនាមិនល្អ និងបានចោទប្រកាន់កម្ពុជាថាចាប់ផ្តើមលាក់អត្តសញ្ញាណជនបរទេស ដែលទិញលិខិតឆ្លងដែនតាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ដែលជាទង្វើមួយបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយក្រុមឧក្រិដ្ឋកម្ម។
ជុំវិញការលើកឡើងខាងលើរួមទាំងចំណុចមួយចំនួនទៀតនៅក្នុងអត្ថបទរបស់គេហទំព័រនេះ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នេះគឺជាចេតនាទាំងស្រុង មូលបង្កាច់ ដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទនៃការបំពេញភារកិច្ចរបស់រដ្ឋអធិបតេយ្យឯករាជ្យមួយ។
ក្នុងន័យនេះលោកបណ្ឌិតសង្កត់ធ្ងន់ចំនួន៣ ចំណុច ទី១ នេះគឺជារបាយការណ៍ឬក៏ជាប្រធានបទបែបរករឿងអុចអាល ដែលដើរបញ្ច្រាស់ពីច្បាប់អន្តរជាតិ ក្នុងន័យ រើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ ទី២ គ្មានច្បាប់ជាតិ-អន្តរជាតិណា ចែងជាកាតព្វកិច្ច ឬតម្រូវឱ្យរដ្ឋនីមួយៗត្រូវតែផ្សព្វផ្សាយនូវព័ត៌មាននេះ ឬព័ត៌មាននោះឡើយ ទី៣ ការផ្សព្វផ្សាយរាល់ព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ជាពិសេសជាសិទ្ធិអត្តនោម័តរបស់រដ្ឋ។
ចំពោះការផ្តល់សញ្ជាតិវិញលោកបណ្ឌិតបានបញ្ជាក់ថា ដោយអនុវត្តទៅតាមនីតិវិធី គឺគោរពទៅតាមច្បាប់សញ្ជាតិយ៉ាងតឹងរឹង និងគោលការណ៍ទូទៅរបស់ច្បាប់អន្តរជាតិ។ អ្វីៗទាំងអស់មិនមែនចេះតែធ្វើទៅតាមការនឹកឃើញនោះទេ គឺតម្កល់ភាពប្រាកដប្រជា ច្បាស់លាស់ និងជាការសម្រេចដោយអត្តនោម័ត ដោយមិនចាំបាច់សុំយោបល់ពីភាគីណាមួយនោះឡើយ សំខាន់គឺអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះជនបរទេសដែលអាចចូលសញ្ជាតិខ្មែរបានគឺត្រូវអនុវត្តទៅតាម ច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៨ បានចែងថា ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម។ សញ្ញាតូបនីយកម្មមិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំនោះអាចត្រូវបដិសេធចោលតាមអំណាចឆន្ទានុសិទ្ធិ ពិសេសព្រះមហាក្សត្រ៕