Breaking News

រយៈពេល ២សប្តាហ៍កន្លងមកនេះ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តភាពស្ងប់ស្ងាត់ល្អ!

រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោលគឺមានចំនួនកើតឡើងតែជាង ១០ករណីប៉ុណ្ណោះ និងមានទ្រង់ទ្រាយតូចតាចទៀតផង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ 

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះ ថាជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ ដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។

ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លទ្ធផលនេះ ក៏កើតចេញពីការប្រតិបត្តិយ៉ាងសកម្មមិនខ្លាចនឿយហត់របស់អាជ្ញាធរ និងកងកម្លាំងគ្រប់មូលដ្ឋាន រួមទាំងការចូលរួមអប់រំណែនាំ ពីគ្រប់តួអង្គក្នុងសង្គម ព្រមទាំងការយល់ដឹងកាន់តែច្រើនជាងមុនពីសំណាក់ក្រុមយុវជន អំពីផលវិបាកនៃការបង្កសម្មភាពទំនើងក្នុងសង្គម។

គួរកត់សម្គាល់ថា ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូមជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ 

នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងបន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍ ដោយផ្ដល់អនុសាសន៍ថា ក្នុងករណីចាំបាច់ គួរយកពួកគេ ឱ្យទៅមើលពន្ធនាគារ ឬមណ្ឌលអប់រំ ក្នុងន័យដាស់តឿនឱ្យកែប្រែសកម្មភាព បើមិនចង់ជាប់ឃុំ។

ដោយ ៖ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *