Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យអាជ្ញាធររាជធានី-ខេត្តបង្ក្រាបល្បែងអនឡាញខុសច្បាប់នៅតាមមូលដ្ឋាន

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្តឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដូចជា ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹមនឹងការណែនាំខាងលើសម្តេចធិបតី ក៏បានជំរុញរដ្ឋបាលរាជធានី-ខេត្តទាំងអស់ឱ្យពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ និងជំនួសមកវិញនូវការផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួនឱ្យបានជាអតិបរមា។

ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់ប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យសមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត), ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនកុះករផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *