Breaking News

ឯកឧត្តម គួច ចំរើន ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពង្រឹងសមត្ថភាពហ្វឹកហាត់ គោរពវិន័យ និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អនាឱកាសប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។ 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញទស្សនាការហ្វឹកហាត់ និងសំណេះសំណាលជាមួយកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។ 

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ដើម្បីទទួលបានចំណាប់ថ្នាក់ល្អ នោះកីឡាករទាំងអស់ត្រូវគោរពឱ្យបាននូវវិន័យ ក្រមសីលធម៌ក្នុងការប្រកួត និងស្ដាប់តាមការណែនាំរបស់គ្រូបង្ហាត់ ពិសេសជាងនេះទៀត កីឡាបាល់ទះនេះ ដើម្បីទទួលបានជ័យជំនះ នោះយើងត្រូវប្រើប្រាស់កម្លាំងជាក្រុម ដោយសហការគ្នាក្នុងការប្រកួត មិនត្រូវគិតថាខ្លួនឯងអ្នកខ្លាំង អ្នកល្អ ហើយលេងម្នាក់ឯងទទួលបានជោគជ័យឡើង។ កត្តាសាមគ្គីភាពជាក្រុម ទើបធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវលទ្ធផលល្អក្នុងការប្រកួត។ 

ឯកឧត្តម បន្ថែមថា៖ កីឡាគឺបង្កើននូវសាមគ្គីភាព ឯកភាពគ្នា មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ពិសេសធ្វើឱ្យយើងមានសុខភាពល្អ កីឡាតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែយើងបានបង្កើននូវមិត្តភាព និងសាមគ្គីភាព ជាមួយគ្នាបានល្អ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់កីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឱ្យទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខាងមុខនេះ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ការប្រកួតបាល់ទះជ្រើសរើសជើងឯក ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នឹងត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៦ពូល ហើយសម្រាប់ក្រុមបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ថិតនៅពូលB ដោយប្រកួតដំបូងរបស់ក្រុមបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែធ្នូ ដែលត្រូវជួបជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស A៕SRN

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *