ខេត្តកណ្តាល ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ប្រភេទឡានយីឌុប បានបង្ហាញនូវការរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល គឺសំដៅថា រំខានដល់ពេលវេលាការដឹកជញ្ជូនរបស់ពួកគាត់ ជាហេតុធ្វើឲ្យ ពួកគាត់ពិបាកក្នុងការដឹកជញ្ជូនទំនិញ ។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញបានលើកឡើងថា, គ្រប់ទំនិញទាំងអស់ដែលដឹកជញ្ជូនតាមផ្លូវជាតិ ឆ្លងកាត់ទឹកដីខេត្តកណ្ដាល បើទោះជាមានករណី បង់ប្រាក់ជាមនោសញ្ចេតនា បាយទឹក ដោយកត្តាយោគយល់គ្នាធ្លាប់មាននោះក៏ដោយ ក៏លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល រកលេសគ្រប់វិធី ហៅអោយទៅជួប ក្នុងចេតនាដំឡើងថ្លៃសេវាក្បាលឡាន ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការរកស៊ីដឹកជញ្ជូនទំនិញ ពីព្រោះឈ្នួលដឹកក៏មិនសូវបានថ្លៃ បើខាងមេគយធ្វើដូច្នេះ ជាបញ្ហាមួយដ៏លំបាកផងដែរ សម្រាប់ផលចំណេញក្នុងការដឹកជញ្ជូនម្តងៗ។
ក្រុមអ្នកដឹកជញ្ជូន ឬក្រុមហ៊ុនដឹកជញ្ជូន មានករណីខ្លាចរអា ដោយសារលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល គាត់តែងយកឈ្មោះថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថាឲ្យរឹតបន្តឹង និងតម្រូវការចាំបាច់ត្រូវដំឡើងសេវាខ្លះផ្នែកក្បាលឡាន ។ ដូច្នេះបើដំឡើងសេវាតែរហូតនោះ តើពួកគាត់ដែលខំដឹកជញ្ជូនស៊ីឈ្នួលគេ ក្នុងតម្លៃទាប គឺគ្មានសល់ចំណេញអ្វីទេ។ ដូច្នេះក្រុមអ្នកដឹកជញ្ជូន មានជំនឿថា ថ្នាក់ដឹកនាំនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាប្រធានគយចល័តទូទាំងប្រទេស គាត់មានតែលើកទឹកចិត្តដល់ក្រុមហ៊ុនរកស៊ីដឹកជញ្ជូន ដើម្បីប្រយោជន៍ទទួលបានចំណូលពន្ធសម្រាប់សេដ្ឋកិច្ចជាតិ។ ក្នុងករណីនេះ ក្រុមអ្នកដឹកជញ្ជូន គិតថា ការទាមទារប្រយោជន៍ពីក្បាលឡាន ដែលធ្លាប់ឲ្យសព្វមួយដង ហើយបន្តឲ្យឡើងសេវាបន្ថែម អាចជារឿងបុគ្គលរបស់លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាលតែប៉ុណ្ណោះ។ ព្រោះថាថ្នាក់លើមិនអាចមកគាបសង្កត់អ្នករកស៊ី ដែលគាត់បានលើកទឹកចិត្តនោះឡើយ។ អ្នករកស៊ីមិនទាន់បានប្រាប់អំពីការទាមទារប្រាក់ពីក្បាលឡាន ក្នុងមួយឡានយកប៉ុន្មានឲ្យជាក់លាក់នៅឡើយទេ ប៉ុន្តែពួកគាត់នឹង បង្ហើបក្នុងករណីនេះប្រសិនបើធ្វើការគាបសង្កត់ដើម្បីតែប្រយោជន៍បុគ្គលខ្លួនឯងនោះ។ នេះមិនទាន់គិតអំពីការបង់សេវាប្រចាំខែផង។ អ្នកដឹកជញ្ជូនបានលើកឡើងថា ក្នុងមួយថ្ងៃមួយថ្ងៃ គឺរថយន្តដឹកជញ្ជូនទំនិញតាមបណ្ដាខេត្តនានាចូលឆ្លងកាត់ខេត្តកណ្ដាលមានចំនួនច្រើន ដែលអាចធ្វើឲ្យលោកប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល គ្រប់គ្រាន់រួចទៅហើយសម្រាប់សេវាដ៏សមស្របមួយ។ ម្យ៉ាងវិញទៀត ទំនិញដែលដឹកចេញមកពីច្រកព្រំដែន បង់ពន្ធត្រឹមត្រូវ ឆ្លងកាត់ខេត្តជាច្រើន មិនសូវមានបញ្ហាអីកើតឡើងនោះទេ ប៉ុន្តែបើចូលទឹកដីខេត្តកណ្ដាល លោកប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បែរជាតឹងរឹងរំខានដល់ការរកស៊ីដឹកជញ្ជូនបែបនេះទៅវិញ ?
ពាក់ព័ន្ធក្នុងករណីនេះអ្នកសារព័ត៌មាន បានទំនាក់ទំនងតាមទូរស័ព្ទលេខ 092 871111 ទៅលោក សំកុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីសុំការបំភ្លឺនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ តែលោកសួថា, ប្អូននៅអង្គភាពណា? ហើយក្រោយពីអ្នកសារព័ត៌មាន ប្រាប់ឈ្មោះអង្គភាពរួចលោកក៏បានឆ្លើយទៀតថា,ប្អូនច្រឡំហើយ ខ្ញុំមិនមែនទេហើយខ្ញុំកំពុងព្យាបាលជំងឺនៅប្រទេសវៀតណាមរួចក៏បិតទូរស័ព្ទ។
ដោយឡែកចំពោះអ្វីដែលក្រុមហ៊ុននិងអ្នកដឹកជញ្ជូនទំនិញតាមឡានយាយឌុប លើកឡើងថាលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល យកឈ្មោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រើប្រាស់ ក្នុងន័យទាញយកប្រយោជន៍ផ្ទាល់ខ្លួន នោះ។ នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2024 អ្នកសារព័ត៌មាន ក៏បានទូរស័ព្ទទៅកាន់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែមិនអាចទំនាក់ទំនងបានទេដោយទូរស័ព្ទចូលចំនួន២ដងតែគ្មានអ្នកទទួល។
សូមរំលឹកថា, ប្រសិនបើលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល មានចេតនាណាមួយមិនប្រក្រតីមកលើអ្នករកស៊ីដឹកជញ្ជូនទំនិញ អាចជាកំហុសឆ្គងផ្នែកគ្រប់គ្រង ឬមួយក៏យកប្រយោជន៍ពីក្រុមអ្នកដឹកជញ្ជូន ។ សង្ឃឹមថា លោកប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល មានកត្តាយោគយល់ លើកទឹកចិត្តដល់អ្នករកស៊ីដឹកទំនិញ ដើម្បីជាផលប្រយោជន៍ចំណូលពន្ធរបស់រដ្ឋផង ហើយអ្នកដឹកជញ្ជូនក៏ទទួលកម្រៃក្នុងការស៊ីឈ្នួលដឹកជញ្ជូនទំនិញឲ្យបណ្ដាក្រុមហ៊ុននានា មានសេវាទទួលបានប្រាក់កម្រៃខ្លះ នោះជាចំណុចមួយដ៏ល្អ ហើយក៏រក្សាបាននូវយុត្តិធម៌សង្គមមួយ ដែលយើងទាំងអស់គ្នាត្រូវការចាំជាចាំបាច់ ក្នុងប្រទេសគ្រប់គ្រងដោយច្បាប់ ៕SRN