ព្រះវិហារ៖ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក ដែលរងការលិចលង់មានចំនួន ៣ភូមិ គឺ ភូមិសំរោង ភូមិថ្មី និងភូមិដំណាក់ សរុប ៤០គ្រួសារ ក្នុងនោះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១៥គ្រួសារ។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋបាលក្រុងព្រះវិហារ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការចុះពិនិត្យនេះ ស្របពេលដែលកម្ពុជាក៏ដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ទឹកស្ទឹងសែន ក្រុងព្រះវិហារ មានកម្ពស់ ១១.៩៦ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន។ ប៉ុន្តែរហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្រិតទឹកបានហក់ឡើង ០.៣៦ម៉ែត្រ បន្ថែមទៀត ខណៈកម្រិតដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។ កម្រិតនេះ អាជ្ញាធរពាក់ព័ន្ធបានប្រកាសឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយកម្លាំងក៏បានត្រៀមរួចរាល់ហើយក្នុងការជួយសង្គ្រោះពលរដ្ឋទៅទីទួលសុវត្ថិភាព៕