ក្រុងបាវិត៖ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញផ្សព្វផ្សាយសេក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លី ធុជ បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើប្រជាពលរដ្ឋ ហើយគោលបំណងរបស់បងប្អូនប្រជាពលរដ្ឋដើម្បីទទួលបានជីវភាពល្អប្រសើរ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិតទាំងមូល ឯកឧត្តម លី ធុជ បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានពលីគ្រប់បែបយ៉ាង ដើម្បីការការពារសន្តិភាព និងការកសាងសេដ្ឋកិច្ច-សង្គមឲ្យមានការរីកចំរើនដូចសព្វថ្ងៃ។
ឯកឧត្តមបានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅសល់រយៈពេល ១៥៤ ថ្ងៃទៀត សូមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឲ្យកាន់តែសកម្មឡើង ដើម្បីទទួលការគាំទ្រ និងផ្តល់ការជឿជាក់ជូនប្រជាឲ្យអស់ពលរដ្ឋពីបេះដូង និងដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនឲ្យកាន់តែច្រើន។
ឯកឧត្តមប្រធានក្រុមការងារគណបក្សក្រុងបាវិត បានផ្តល់អនុសាសន៍ណែនាំចំនួន ០២ចំណុច ជូនដល់សមាជិកសមាជិកាក្រុងបាវិតទាំងអស់ ដូចខាងក្រោម៖
១. បន្តកសាងទំនាកទំនងស្និតស្នាលជាមួយប្រជាពលរដ្ឋ និងម្ចាស់បោះឆ្នោត ដោយត្រូវរៀបចំអត្តចរិកឲ្យល្អ មានគុណធម៌ គុណតម្លៃ ផ្តល់ក្តីស្រលាញ់ និងការអាណិតអាសូរជូនប្រជាពលរដ្ឋក្នុងការរស់នៅ ត្រូវបន្តបំរើសេវាសាធារណៈអោយអស់ពីសមត្ថភាព និងចេញពីបេះដូង ជូនពួកគាត់។
២. កសាងទំនាក់ទំនងអោយមានប្រសិទ្ធភាព ដោយត្រូវស្តាប់រាល់បញ្ហាដែលបានកើតមានឡើងចំពោះប្រជាពលរដ្ឋ និងបន្តដោះស្រាយជូនប្រជាពលរដ្ឋអោយខានតែបាននឹងទាន់ពេលវេលាដើម្បីតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ៕ដោយ៖ សិរី នាគ