Breaking News

ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីនទី៨ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

ស្វាយរៀង ៖នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានបានទទួលការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ធ្វើការបោសសម្អាតមីនចុងក្រោយដែលបានដឹងនៅខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុបជាង ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន និងបានឈានដល់ការប្រកាសជាខេត្តអស់មីនទី៨។

ឯកឧត្តមបន្តទៀតថា ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តមីនក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀង នៅបន្តរងការគំរាមដោយសារគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង ១០៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៧១ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយកម្ពុជា មុននឹងឈានដល់ថ្ងៃនេះ យើងទាំងអស់គ្នា ត្រូវគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ជារដ្ឋបុរស បិតាសន្តិភាព និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាវីរៈនារីដ៏ឆ្នើមរបស់កម្ពុជាយើង។ នយោបាយ ឈ្នះ ឈ្នះ និងការរក្សាបាននូវសុខសន្តិភាព បានធ្វើជាមូលដ្ឋានគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ យើងទាំងអស់គ្នា ត្រូវមានសុទិដ្ឋិនិយម មានក្តីសង្ឃឹម និងត្រូវសម្លឹងមើលទៅមុខជានិច្ច ដោយបន្តឈរឱបយកពន្លឺក្រោមម្លប់សន្តិភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ ឆ្នាំ មកនេះ។ យើងទាំងអស់ក៏មិនអាចបំភ្លេចបានដែរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាសម្របសម្រួលដល់ការងារសកម្មភាពមីនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តស្វាយរៀង ចំនួន ៤១ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ បានបោសសម្អាតរួច ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៥៦៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧១៨៤៣ គ្រាប់៕ដោយ៖ សិរី នាគ

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *