Breaking News

តើនឹងមានផលប៉ះពាល់អ្វីខ្លះ? នៅពេលពាក់អាវ “កៅស៊ូ” ហាត់ប្រាណ?

ភ្នំពេញ ៖ ការគិតគូរពីសុខភាព ហើយនាំគ្នាទៅហាត់ប្រាណគឺជារឿងដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់ និងចង់ថែរក្សាសុខភាព ប៉ុន្តែតើការហាត់ប្រាណបែបណា ទើបធ្វើឱ្យមានសុខភាព ទទួលបានផលល្អពីការហាត់ប្រាណនោះមកវិញ? ហើយការដែលហាត់ប្រាណ ដោយមានពាក់អាវ «កៅស៊ូ» ថាតើនឹងមានផលប៉ះពាល់អ្វីខ្លះដល់សុខភាព? ព្រោះថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានទទួលយកការពាក់អាវ “កៅស៊ូ”ទៅហាត់ប្រាណ ដោយមិនបានដឹងពីផលប៉ះពាល់ ចំពោះសុខភាពរបស់ខ្លួនឡើយ ។ហើយម្យ៉ាងវិញទៀតអាវកៅស៊ូ ដែលគេនិយមពាក់ហាត់ប្រាណនាពេលបច្ចុប្បន្ននេះ មានតម្លៃថ្លៃថែមទៀត ប្រើមិនបានប៉ុន្មានផង ក៏រហែកទៅវិញ។

ចង់ដឹងថា ការដែលពាក់អាវ “កៅស៊ូ” ហាត់ប្រាណនឹងមានផលប៉ះពាល់អ្វីខ្លះដល់សុខភាពអ្នកប្រើប្រាស់នោះ ត្រូវបានគណនីហ្វេស ប៊ុកមួយឈ្មោះ Henry Navuddh បានពន្យល់ និងរៀបរាប់ថា ៖ “តាមពិតអត់ទេ ញើសជាសារធាតុទឹកពីរាងកាយ ពេលអ្នកបែកញើស អ្នកនឹងបាត់ជាតិទឹកពីក្នុងខ្លួន និងសារធាតុអេឡិកត្រូឡៃត៍មួយចំនួនដូចជា អំបិល ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម។ បងប្អូនអាចប្រឈមនឹងបញ្ហាខ្វះជាតិទឹក និងបាត់បង់ជាតិអេឡិកត្រូឡៃត៍ ទៅវិញ។ ចំណែកឯខ្លាញ់មិនបានបាត់បង់មកតាមញើសទេ។ អ្នកខ្លះពាក់រត់ពេលថ្ងៃត្រង់ អាចប្រឈមនឹងការសន្លប់ដោយសារក្តៅខ្លាំង(heat stroke)”។

ប្រការដែលត្រឹមត្រូវស្លៀកសំលៀកបំពាក់ស្តើង ឬវាលក្លៀក ឬងាយស្រួល សម្រាប់បត់បែនហាត់ប្រាណក្នុងទីម្លប់ ឬកន្លែងត្រជាក់ មានខ្យល់អាកាសចេញចូល ប្រការនេះនឹងធ្វើឱ្យរាងកាយអាចដុតបំផ្លាញកាឡូរីឬជាតិខ្លាញ់បានល្អប្រសើរជាង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា បុរសម្នាក់វ័យ៣១ឆ្នាំ ស្លៀកសំលៀកបំពាក់ អាវកៅស៊ូ នេះ រត់រយៈពេល១សប្ដាហ៍។ នៅថ្ងៃចុងក្រោយគឺគាត់ទន់អវយវៈទាំងបួន ល្ហិតល្ហៃអស់កម្លាំង រវើរវាយ រហូតបញ្ជូនមកមន្ទីរពេទ្យ។ គ្រូពេទ្យរកឃើញថា គាត់បាត់បង់អេឡិកត្រូឡៃត៍ច្រើន Na+: 112 mEq/L, K+: 1.8 mmol/L.»។

ក្រោយពីទទួលបានការបកស្រាយ ពីគណនីហ្វេសប៊ុកខាងលើនេះហើយ សូមបងប្អូនដែលជាអ្នកប្រើប្រាស់ គួរគិតពិចារណា ក្នុងការជាវ នូវផលិតផលទាំងនេះយកមកប្រើប្រាស់ ចៀសវាង ត្រូវខកបំណង នាំឱ្យស្តាយក្រោយ៕SRN

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *