Breaking News

ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ស្តេចយាងប្រទានព្រះរាជអំណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ នៅក្នុងស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖ ស្ថិតក្នុងព្រះរាជហឬទ័យនឹករលឹក និងខ្វល់ខ្វាយជានិច្ច អំពីសុខទុក្ខរបស់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយជូនបងប្អូន ប្រជាកសិករ ចំនួន៤៤០គ្រួសារ នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

អញ្ជើញអមព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ មានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីអាជ្ញាធរខេត្តកំពង់ឆ្នាំងផងដែរ។

មានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គនាឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យ សប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទតនិងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូត របស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ព្រះរាជអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៥០ គីឡូក្រាម ឃីតមួយកញ្ចប់ ( មុង១ភួយ១ ក្រមា១ សារ៉ុង១ ) មី២កេស ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ កន្ទេល១ ស្បែកជើង១គូរ និងថវិកាចំនួន២០ម៉ឺនរៀល៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *