ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ សម័យប្រជុំនេះដែរ មានសមាជិក សមាជិកា រដ្ឋសភា ចូលរួមប្រជុំចំនួន ១១១រូប។
សេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាទទួលមកពិភាក្សាអនុម័តមានចំនួន១១១ សំ ឡេង។
ច្បាប់នេះ ចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ ក្នុងគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចារឹកនៅ ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងលើក កម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើស តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាតំណាងរាជរដ្ឋាភិបាល ដែលអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត មានប្រសាសន៍បញ្ជាក់ជូនសម័យប្រជុំរដ្ឋសភា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយគណកម្មការនីតិកម្ម យុត្តិធម៌ នៃរដ្ឋសភា ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធន កម្ម ច្បាប់បោះឆ្នោត រួមមាន៖
សំណើក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនបកម្ម ច្បាប់បោះឆ្នោត មានខ្លឹមសារពាក់ព័ន្ធ តែលក្ខខណ្ឌសម្រាប់ការឈរឈ្មោះឲ្យគេបោះឆ្នោតប៉ុណ្ណោះ ពោលគឺមិនបានធ្វើឲ្យប៉ះពាល់ឡើយ ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។
ការទៅបោះឆ្នោត ឬការមិនទៅបោះឆ្នោតនៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនជាកាតព្វកិច្ច ដែលមានចារឹកជាការចាប់បង្ខំឲ្យទៅបោះឆ្នោតនោះទេ។ យោងតាមខ្លឹមសារនៃសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់បោះឆ្នោតនេះ ក្នុង ករណីដែលមិនបានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣នេះ ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត នឹងត្រូវបាត់បង់នូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោត ចំនួន៤បន្តបន្ទាប់គ្នា ដែលរៀបចំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នាពេលខាងមុខនេះ គឺ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅឆ្នាំ២០២៤, ការបោះឆ្នោតជ្រើសរាជធានី ខេត្ត ក្រុង សុក្រ ខណ្ឌ អាណត្តិទី៤ឆ្នាំ២០២៤, ការបោះ ឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ នៃរដ្ឋសភា នៅឆ្នាំ២០២៨។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថាវិសោធនកម្ម នេះ ក៏មានកំណត់ទៅនិងទោសប្បញ្ញត្តិផងដែរ គឺអ្នកញុះញង់ ប្រជាពលរដ្ឋ ដែលមានសិទ្ធិទៅបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងអ្នកដែលបានញុះ ញង់ ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ត្រូវចាត់ ទុកជាបទល្មើស ត្រូវ ទោសផាក ពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល និងដកហូតជាបណ្តោះ អាសន្ននូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេលយ៉ាងតិច៥ឆ្នាំ ហើយចំពោះគណបក្សនយោបាយ ក៏ត្រូវរងការផាក ពិន័យជាប្រាក់ពី១០លានរៀល ទៅ ៣០លានរៀល នឹងអាចត្រូវដកនូវសិទ្ធិជាបណ្តោះអាសន្ននូវសិទ្ធិចូលរួមក្នុងការ បោះឆ្នោតរយៈពេល៥ឆ្នាំ ថែមនូវទណ្ឌកម្ម ផ្សេងទៀត ដែលមានកំណត់ក្នុងច្បាប់ជាធរមាន ។
ជារួមច្បាប់វិសោធនកម្មបោះឆ្នោត នៅពេលនេះគឺត្រូវបានធ្វើឡើងក្នុង គោលបំណងការពារ ដំណើរការនៃការបោះឆ្នោត ពីផែនការឧបាយកលនយោបាយនានា និងការប៉ុនប៉ង បំផ្លាញការបោះឆ្នោត។ ការធ្វើវិសោធនកម្មនេះ ក៏និងរួមចំណែកនូវគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានចារឹកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ៕