ភ្នំពេញ៖បទចម្រៀងបទ”Are you ok” របស់ផលិតកម្ម Galaxy Navatra ដែលអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូល្បីល្បាញពាសពេញពិភពលោកនោះ ពេលនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានផ្ដល់ទិដ្ឋាការ ឲ្យចេញផ្សាយជាផ្លូវការ។
អាចនិយាយបានថា បទ”Are you ok” គឺជាបទចម្រៀងរបស់កម្ពុជាដំបូងគេ ដែលត្រូវបានអ្នកលេង Tik Tok យកទៅរាំលេងជាច្រើនលានវីដេអូ ល្បីល្បាញផ្អើលពេញពិភពលោក។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយផលិតកម្ម Galaxy Navatra បន្ទាប់ពីផលិតកម្មបានទិញសិទ្ធិពាក្យ Are you ok ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើង។
បទ”Are you ok” ត្រូវបានគេដឹងថា ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាកំពូលតារាចម្រៀងវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។
បន្ថែមទៀតនោះ បទចម្រៀងមួយនេះត្រូវបានគេដឹងថា ប្រើពេលផលិតជាច្រើនថ្ងៃ ហើយចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។ ខណៈដែលមកដល់ម៉ោងនេះ MV បទ”Are you ok” បានផលិតសម្រេចជាស្ថាពរ ព្រមទាំងក្រសួងក៏បានផ្ដល់ទិដ្ឋាការអនុញ្ញាតិឲ្យចេញផ្សាយជាផ្លូវការផងដែរ។
មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថា បទ”Are you ok” នឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាច្រើនជាងគេ ដោយប្រើត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ត្បិតម្នាក់ៗ សុទ្ធតែរង់ចាំមើលពីខ្លឹមសារ និងវីដេអូពេញនៃបទចម្រៀងមួយបទនេះគ្រប់គ្នា។
តោះ! ចង់ដឹងថា បទ”Are you ok” ដែលមហាជនអន្ទះសាចង់ដឹងមានខ្លឹមសារ និងអត្ថន័យយ៉ាងណានោះ សូមទស្សនាលើ Channel youtube ថ្មីមួយទៀតរបស់ផលិតឈ្មោះថា CAM-POP Galaxy Navatra ទាំងអស់គ្នា៖