ខេត្តកំពត៖ នៅក្នុងចំណាត់ការរបស់អាជ្ញាធរសម្រាប់ការរៀបចំបោសសំអាតជនខិលខូចអ្នកមានអំណាចសង់ទីកន្លែងកំសាន្តរំលោភលើចំណីព្រែកដីសាធារណៈនៅក្រុងកំពតមិនចេះតែងាយស្រួលនោះទេ។ ជនខ្លះមានអំណាចមានលុយមិនស្ដាប់ការណែនាំរបស់អាជ្ញាធរឡើយ។ ជាក់ស្តែងបុរសម្នាក់ឈ្មោះសេស យ៉ុងទំនងជាគាត់មានអំណាចខ្លាំងនិងមានលុយផងបានជាសង់កន្លែងកំសាន្តនៅលើដីសាធារណៈចំណីព្រែកហើយពេលដែលអាជ្ញាធរក្រុងកំពតហាមឃាត់និងកំណត់ពេលឱ្យរុះរើ បែរជាគាត់ជេរអភិបាលក្រុងកំពតយ៉ាងចាស់ដៃទៅវិញ ។
នេះគេហៅថា ខុសមិនដឹងខុសហើយខុសមិនចេះកែខ្លួន។ នៅក្នុងលិខិតមួយច្បាប់របស់អភិបាលក្រុងកំពតចុះថ្ងៃទី ៨ខែតុលាឆ្នាំ ២០២១បានជម្រាបជូនលោកសេស យ៉ុង អំពីការណ៍ដែលលោកធ្វើសំណង់ខុសច្បាប់នៅលើចំណីមាត់ព្រែក ។ ប៉ុន្តែរហូតដល់ពេលនេះម្ចាស់សំណង់ខុសច្បាប់មិនត្រឹមតែមិនព្រមអនុវត្តតាមសំណូមពររបស់អាជ្ញាធរដែនដីប៉ុណ្ណោះទេថែមទាំងអភិបាលក្រុងកំពតដោយប្រើភាសាដែលបញ្ជាក់ឲ្យដឹងថាលោកសេស យ៉ុងមានការអប់រំតិចតួច។
អភិបាលក្រុងកំពតកាលពីថ្ងៃទី ៨ ខែតុលាបានជម្រាបមកលោកសេស យ៉ុងឱ្យជ្រាបថា ការធ្វើរបងនិងកញ្ចុះរបស់លោកគឺរំលោភចូលដីចំណីព្រែកដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពនិងបរិស្ថានតាមដងព្រែក។ ដូច្នេះសូមលោករុះរើរបងនិងកញ្ចុះដែលរំលោភចូលចំណីព្រែកនេះចេញដោយរក្សាស្ថានភាពដើមព្រោះទីតាំងនេះជាដីសាធារណៈរបស់រដ្ឋក្នុងរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី ៨ខែតុលាដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១។
បន្ទាប់ពីបានទទួលលិខិតរបស់អភិបាលក្រុងកំពតលោក អែត សារិទ្ធរួចមកស្រាប់តែលោកសេស យ៉ុងបានបញ្ចេញកំហឹងតាមរយៈសំឡេងរបស់លោកបណ្ដែតលើប្រព័ន្ធ telegrame ផ្ញើទៅលោកអភិបាលក្រុងកំពតជាមួយនឹងភាសាជេរប្រទេចដែលពិបាកស្ដាប់។នៅក្នុងក្លឹបសំឡេងយ៉ាងហោចណាស់ ២ដែលមានរយៈពេលជិត១នាទីបានប្រើភាសា”ម្រាយម៉ែវា”និង”មន្ត្រីថោកទាប”សំដៅទៅលើលោកអភិបាលក្រុងនិងផ្ដាំផ្ញើឲ្យផ្ញើសំដីរបស់ខ្លួនទៅអភិបាលក្រុងនោះផង។
គេហទំព័រ អែស អរ អិន យើងខ្ញុំមិនអាចទំនាក់ទំបានជាមួយលោក លាង រឿនសុធី អភិបាលក្រុងកំពតបានទេនៅថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕SRN