Breaking News

ក្រសួង-ស្ថាប័នរដ្ឋ សម្តែងការអបអរសាទរ ដែលកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក

ភ្នំពេញ៖ ក្រសួង-ស្ថាប័នរដ្ឋជាច្រើន បានផ្ញើសារសម្តែងការអបអរសាទរ ដែលប្រទេសកម្ពុជា ទទួលបានលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។

គួររំលឹកថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (38th WAGGGS Conference) កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជា ឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ សម្រាប់ រៀបចំសន្និបាតពិភពលោក លើកទី៣៩ ឆ្នាំ២០២៦។

នៅក្នុងសេចក្តីជូនដំណឹង របស់សមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា «សមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាពកម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះ បានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ របស់ជនរួមជាតិយើង ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្ត ដល់គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត»។

សមាគមកាយឬទ្ធនារីកម្ពុជា មានគោលដៅផ្ដល់ឱ្យសមាជិក នូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គមផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។
លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អ ជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះ សមាជិកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគម កម្លាំងស្ម័គ្រចិត្តដើម្បីកុមារី និងយុវតីកម្ពុជា។

សូមជម្រាបថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូសមាគមកាយប្ញទ្ធិនារីកម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ ហើយតាមការគ្រោងទុក នឹងមានការរៀបចំធ្វើសន្និសីទសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ៕

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *