កំពត៖ នារីម្នាក់ដែលត្រូវបានសន្និដ្ឋានថាស្លាប់ ក្រោយបាត់ខ្លួនជាមួយមិត្តភក្តិដោយសារកម្លាំងទឹកបោកកួចចូលក្នុងជ្រោះឪម៉ាល់ នៃខេត្តកំពត កម្លំាងស្វែងរកមិនទាន់ឃើញនៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា នឹងមិនបោះបង់ការស្វែងរកនេះទេ និងកំពុងបន្ថែមកម្លាំងបន្តតាមស្វែងរកបន្តទៀត។
លោក សូ ប៊ុនធឿន អធិការស្រុកទឹកឈូ បានឱ្យដឹងថា ពេញមួយថ្ងៃទី៣១ ខែកក្កដា កម្លាំងចម្រុះជាង ១០០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តតាមរកនារីដែលបាត់ខ្លួន និងត្រូវបានសន្និដ្ឋានថាស្លាប់ដោយសារកម្លាំងទឹកបោកកួចជាមួយមិត្តភក្តិ កាលពីវេលាទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា។ ការស្វែងរកនារីរងគ្រោះ ពេញមួយថ្ងៃរហូតមកដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣១ សមត្ថកិច្ចនៅមិនទាន់ប្រទះឃើញនៅឡើយទេ ហើយការស្វែងរកនឹងមិនបញ្ចប់ទេ ប្រសិនបើមិនបានលទ្ធផល។
កាលពីវេលាទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា មានយុវជន២នាក់ និងនារី២នាក់ ដេកក្នុងតង់ចំនួន២ ត្រូវកម្លាំងទឹកធ្លាក់ពីជើងភ្នំបូកគោបោកកួចចូលក្នុងជ្រោះឪម៉ាល់នៃភូមិសាស្ត្រឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ មនុស្សទាំង៤នាក់ ជាភ្ញៀវឡើងទៅកម្សាន្តលក្ខណ:បោះតង់ ចាប់ពីរសៀលថ្ងៃទី២៩ ខែកក្កដា ដែលមានមនុស្សប្រុសស្រីសរុប ៤៣នាក់។ សមត្ថកិច្ចបានរកឃើញតែយុវជន ២នាក់ ប៉ុណ្ណោះ នៅរស់រានមានជីវិត និងនារីម្នាក់បានស្លាប់ ដោយរកឃើញសពក្នុងព្រឹកថ្ងៃដដែល នៅមិនឆ្ងាយប៉ុន្មានពីចំណុចកើតហេតុនោះ។
នារីដែលបានស្លាប់ឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ។ ចំណែកយុវជនទាំង ២នាក់ រួមមាន ឈ្មោះ សុង ទីមធន អាយុ ២៣ឆ្នាំ និង ឈ្មោះសីហា អាយុ ២២ឆ្នាំ។ នារីដែលកំពុងបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ។ ទាំង៤នាក់ មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕SRN