ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋានរបស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ។ បន្លងមកអគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ បានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ផងដែរ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ នៅពេលអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរាយការណ៍សង្ខេបអំពីដំណើរការនៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលថា យោងតាមមាត្រា៨ នៃច្បាប់ស្ដីពី ពន្ធនាគារក្រសួងមហាផ្ទៃ បានចែងថា មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញនូវសេចក្ដីប្រកាសស្ដីពី ការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។
លោករដ្ឋលេខាធិការ បានបន្ដទៀតថា អនុក្រឹត្យ និងសេចក្ដីប្រកាសខាងលើនេះ បានអនុវត្តអស់រយៈពេលជាង ៨ឆ្នាំមកហើយ។ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យ និងសិក្សាអំពីឯកសណ្ឋាន ពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារ ដើម្បីកុំឱ្យច្រឡំពណ៌ឯកសណ្ឋានមន្ដ្រីនគរបាលជាតិ។ ការណ៍នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតក្រុមការងារមួយ ដើម្បីរៀបចំសេចក្ដីព្រាងកែសម្រួលអនុក្រឹត្យស្ដីពី ពណ៌ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងប្រកាសស្ដីពី ការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ៕