Breaking News

Update: មានជនរងគ្រោះយ៉ាងច្រើន ដែលត្រូវ បុគ្គលឈ្មោះ តាត យ៉ាសិទ្ធវង្សា ហៅវីរៈ ឆបោកប្រាក់ ដោយសារតែបានក្លែងបន្លំជាមន្ត្រីក្រសួងការពារជាតិ

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុលផុសជាសាធារណៈ ពាក់ព័ន្ធបុគ្គលឈ្មោះ តាត យ៉ាសិទ្ធវង្សា ហៅវីរៈ ភេទប្រុស អាយុ៣៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 030765059 រស់នៅភូមិវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្លែងបន្លំជាមន្ត្រីក្រសួងការពារជាតិ បោកលុយប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនអ្នក និងអស់ជាច្រើនពាន់ដុល្លាររួចមក បុគ្គលខាងលើនេះបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកពីសំណាក់មហាជន ព្រមទាំងបែកធ្លាយដំណឹងថាមានជនរងគ្រោះផ្សេងទៀតដោយសារចាញ់បោកបុគ្គលនេះកាន់តែច្រើន និងមានការព្រួយបារម្ភថាបើសិនជាក្រសួងពាក់ព័ន្ធនៅតែបណ្តែតបណ្តោយ ឲ្យជននោះរួចខ្លួនពីផ្លូវច្បាប់ប្រាកដជាមានជនរងគ្រោះបន្តបន្ទាប់ទៀតជាក់ជាមិនខាន។

ជនរងគ្រោះផ្សេងទៀតក្នុងចំណោមទាំងនោះរស់នៅផ្ទះជួលស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់អង្គភាពយើងថា៖ ពួកគាត់បានទុកចិត្តប្រគល់អត្តញ្ញាណប័ណ្ណ រួមទាំងឯកសារសំខាន់ៗជាច្រើនទៀត ពឹងពាក់ជនសង្ស័យ ឈ្មោះតាត យ៉ាសិទ្ធវង្សា ហៅវីរៈ យកទៅរត់ការធ្វើថ្មីអស់លុយកាក់មួយចំនួនផងដែរប៉ុន្តែមិនព្រមប្រគល់ឯកសារឲ្យនោះទេ! ដោយសន្យាថ្ងៃនេះ ថ្ងៃនោះ ថែមទាំងបិទលេខទំនាក់ទំនងទៀតផងរហូតមកទល់ពេលនេះ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយទើបដឹងថា បុគ្គលរូបនេះបោកប្រាស់សោះ។

ពួកគាត់បន្តទៀតថា ការចំណាយលុយកាក់អស់ចំនួនតិចតួចមិនបញ្ហាទេ ប៉ុន្តែអ្វីដែលពួកគាត់ព្រួយបារម្ភជាខ្លាំងនោះគឺ មិនដឹងថា បុគ្គលដែលជាជនសង្ស័យ យកឯកសាររបស់ពួកគាត់ទៅប្រព្រឹត្តអ្វីខ្លះ ឩទាហរណ៍យកអត្តញ្ញាណប័ណ្ណរបស់ពួកគាត់ទៅទិញស៊ីមទូរស័ព្ទ ទំនាក់ទំនងក្នុងអំពើឆបោក ជំរឹតទាប្រាក់ ជាដើម។

ដោយឡែកប្រភពពីប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហានុ បានប្រាប់ឲ្យដឹងដែរថា មុនការផ្សព្វផ្សាយព័ត៌មាន ពួកគាត់ឃើញជនសង្ស័យរូបនេះ ចេញចូលផ្ទះជួលមួយកន្លែងនៅម្តុំផ្សារឃ្លាំងលើ ហើយជននេះបានអួតប្រាប់គេឯងថា ខ្លួនជាបុគ្គលិកកាស៊ីណូយ៉ាឌូលី ផ្នែកអាយធី។

ប្រភពដដែលបន្តថា បន្ទាប់ពីពួកគាត់បានទទួលជ្រាបព័ត៌មានពាក់ព័ន្ធបុគ្គលរូបនេះជាជនឆបោក ក៏បានស៊ើបសួរទៅម្ចាស់ផ្ទះជួលដែលជនសង្ស័យស្នាក់នៅ ខណៈនោះម្ចាស់ផ្ទះប្រាប់ថាបុរសនេះទើបតែមករស់នៅបានពីរថ្ងៃទេ តែពេលនេះឈប់ឲ្យនៅហើយ ដោយសារសុំថតអត្តសញ្ញាណប័ណ្ណដើម្បីយកមកកូពីទុកតាមគោលការណែនាំរបស់សង្កាត់ តែបុរសនោះមិនឲ្យថត បន្ទាប់មកស្អែកឡើងស្រាប់តែរៀបចំខោអាវទៅបាត់ស្រមោល សូម្បីលុយថ្លៃកក់បន្ទប់ក៏មិនឲ្យដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមរួចមក គេសង្កេតឃើញមានមហាជនលើកឡើងជាទស្សនៈមតិតាមខំមិនផ្សេងៗគ្នាថា៖”អាមួយហ្នឹងថាបោកៗមែន‍‍‍‍”ខ្លះលើកឡើងថា “គ្រាន់តែឈ្មោះក៏មិនធម្មតាដែរ អ្នកឲ្យគេខ្ចីឃើញគេស័ក្កធំអីក៏ឆាប់ជឿគេម្លេះ ចុះបើគេទិញផ្កាយយកមកពាក់ទៀតមិនដឹងជឿយ៉ាងណាទេ? សម័យនេះល្បិចមនុស្សខូចមានច្រើនណាស់ បើមុនហ្នឹងជឿសូមពិចារណាផង‍‍”។ ខ្លះទៀតលើកឡើងថា “អ្នកច្បារអំពៅចាញ់បោកវាច្រើនណាស់បាត់មុខពីរ បីឆ្នាំហើយ”។ ខ្លះទៀតឡើកឡើងថា “ទោះគុកក៏មិនបានយូរដែរបងប្អូន នេះជាបិសាចដែលគេលេងមកឲ្យជញ្ជក់ឈាមរាស្ត្រទេ យកល្អចេះរស់ឲ្យប្រយ័ត្នប្រយ៉ែងទៅបានហើយ យើងរស់នៅបច្ចុប្បន្នគ្មានពឹងពាក់អ្នកណាបានទេ”។ល។

ទាំងនេះជាទស្សនៈមតិរបស់មហាជនតែប៉ុណ្ណោះ ដោយឡែកប្រភពពីក្រសួងការពារជាតិ អគ្គសម្ភារៈបច្ចេកទេសបានឲ្យដឹងថា ជនសង្ស័យឈ្មោះតាត យ៉ាសិទ្ធវង្សា ដែលផ្ញើមកនេះ នៅក្នុងអគ្គបច្ចេកទេសក្រសួងការពារជាតិ និងឃ្លាំងសព្វាវុធរបស់អគ្គបច្ចេកទេសក្រសួងការពារជាតិ ធ្វើការស្រាវជ្រាវហើយមិនមានទិន្នន័យបុគ្គលនេះទេ បានន័យថាជននោះគឺក្លែងបន្លំ៕SRN

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *