Breaking News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋតួកគី ឯកឧត្តម ហ៊ុន ម៉ានី បានទទួលជួបលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ ដោយក្នុងនោះបន្ថែមលើវិស័យខាងលើ លោកជំទាវ មានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកជួយអភិវឌ្ឍលើ វិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រយៈពេលជាង៦៤ ឆ្នាំនៃប្រទេសកម្ពុជា-តួកគី។ ឯកឧត្តមបានកត់សម្គាល់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជនផងដែរ។

ខណៈពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ កម្ពុជា-តួកគី ផ្តោតលើការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះរំលឹកជូនលោកជំទាវឯកអគ្គរដ្ឋទូតនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានលើកឡើងថា៖ «សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជាឱ្យឆ្ងាយជាងនេះ គឺកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកមួយនៃកិច្ចសហប្រតិបត្តិការ និងទីផ្សារក្នុងប្រទេសសមាជិកអាស៊ានដ៏ទៃផ្សេងទៀត»។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះរាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាពកិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕SRN

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *