Breaking News

ឆក់កាបូបបានសម្រេច ជិះទៅបុកម៉ូតូ ២ គ្រឿង បណ្ដាលឲ្យជនសង្ស័យស្លាប់ភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន ក៏​ជ្រុល​បុក​ម៉ូតូ ២ គ្រឿង ទៀត បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ខ្លួនឯង​ភ្លាមៗ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង៧និង៣០នាទី ព្រឹក​ថ្ងៃ២៥ ខែ​កញ្ញា ឆ្នាំ២០២៣ ចំណុច​ក្រោម​ស្ពាន​អាកាស​ចោមចៅ។ ជនរងគ្រោះ​ឈ្មោះ សាំង នីតា ភេទ​ស្រី អាយុ៣៤ឆ្នាំ មុខរបរ​គ្រូពេទ្យ ស្នាក់នៅ​ភូមិ​អូឌឹម សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JE 6152 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ទិសដៅ​ពី​លិច​ទៅ​កើត។ លុះ​មក​ដល់​ចំណុច​ក្រោយ​ស្ពាន​អាកាស​ចោមចៅ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JA 6458 មកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជនរងគ្រោះ​ដាក់​នៅ​ខាង​មុខ​បានសម្រេច ហើយ​ព្យាយាម​គេចខ្លួន​ឆ្ពោះ​ទៅ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី។ លុះ​ពេល​ទៅ​ដល់​ចំណុច​ភូមិ​ព្រៃ​ទា២ សង្កាត់​ចោមចៅ​ទី៣ ជនសង្ស័យបានបត់​ឆ្លង​ផ្លូវ ក៏​ជ្រុល​បុក​ម៉ូតូ​ហុង​ដា Beat មួយ​គ្រឿង ហើយ​បន្ត​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់២នាក់ ចំណែក​ជនសង្ស័យ​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ។ ចំពោះ​ក្នុង​កាបូប​ជនរងគ្រោះ គឺ​បាន​ទូរស័ព្ទ​មួយ​គ្រឿង និង​លុយ៩ម៉ឺន​រៀល។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​បុក​ឲ្យ​រង​របួសត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។ ចំណែក​សម្ភារៈត្រូវ​បាន​ប្រគល់​ជូន​នារី​រងគ្រោះ​វិញ។ ដោយឡែក​សពជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់​នៅ​វត្ត​គោក​ចំបក់ រង់ចាំ​ស្វែងរក​សាច់ញាតិ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *