(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងគណៈប្រតិភូនៃអនុសញ្ញាអូតាវ៉ា លើការងាររៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងបរិបទសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ និងការត្រៀមធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងឆ្នាំ២០២៤ ក្រោមក្របខណ្ឌនៃអនុសញ្ញាអូតាវ៉ា។
ក្នុងកិច្ចពិភាក្សា និងសន្និសីទសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា កម្ពុជា មានមោទនភាពដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន ព្រមទាំងស្វាគមន៍ចំពោះព្រះវត្តមានព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein និងគណៈប្រតិភូអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលបានចំណាយពេលវេលាចូលរួម ផ្តល់នូវខ្លឹមសារដ៏មានសារៈសំខាន់ និងសហការរៀបចំដំណើរការនៃសន្និសីទសកលទី៣ទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ព្រះអង្គម្ចាស់ Mired ដែលបានចំណាយពេលរយៈពេល ១៩ ឆ្នាំ ក្នុងបុព្វហេតុជំរុញសកម្មភាពមីនឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងដំណើរការសន្និសីទសកលលើកទី៣ ដែលមានតំណាងប្រទេសចំនួន ៤៥ និងមានជំនាញការជាច្រើនចូលរួម នឹងលើកយកនូវលទ្ធផល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តអនុសញ្ញានាពេលកន្លងមក ដើម្បីយកមកធ្វើការពិភាក្សាគ្នា និងជំរុញលើកកម្ពស់ការអនុវត្តអនុសញ្ញាឱ្យកាន់តែល្អប្រសើរជាងមុនក្នុងកិច្ចជួយសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនមានពិការភាព។ អង្គសន្និសីទនេះ នឹងបង្កើតឱ្យមាននូវផែនការសកម្មភាពរយៈពេល ០៥ឆ្នាំសម្រាប់ការអនុវត្តអនុសញ្ញាទៅមុខទៀត។
ឯកឧត្តមបានបន្តទៀតថា អង្គសន្និសីទទាំងមូល នឹងពិភាក្សាគ្នាផងដែរលើគោលដៅទៅមុខដែលកម្ពុជានឹងក្លាយជាប្រធានដឹកនាំកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤។ ក្នុងនាមកម្ពុជាជាប្រធានដឹកនាំកិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីផែនការសកម្មភាពអាទិភាពចំនួន ៤ ដែលនឹងត្រូវយកពិភាក្សា រួមមាន ៖
១/. ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា
២/.ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន
៣/.ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
៤/.កិច្ចសង្រ្គោះជនមានពិការភាពដោយសារគ្រប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព។
ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា ព្រះអង្គម្ចាស់ Mired បានបង្ហាញពីការពេញចិត្តនៃការធ្វើជាម្ចាស់ផ្ទះ និងបានចូលរួមក្នុងសន្និសីទសកលលើកទី៣របស់កម្ពុជា ហើយព្រះអង្គម្ចាស់បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ផងដែរ។ ព្រះអង្គម្ចាស់ Mired បានលើកឡើងបន្ថែមអំពីដំណើរការនៃការរៀបចំសន្និសីទសកលលើកទី៣ ដែលនឹងផ្តោតសំខាន់លើកិច្ចជួយសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងជំរុញការយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរឡើង ហើយការងារនេះនឹងបន្តពិភាក្សាគ្នាបន្ថែមទៀតក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប។
ព្រះអង្គម្ចាស់ សង្ឃឹមថា រដ្ឋមិនមែនភាគី នឹងបន្តចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ហើយទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី នឹងបន្តចូលរួមជាមួយគ្នាពិភាក្សាលើបញ្ហាដែលនៅសេសសល់ និងធ្វើឱ្យមានភាពប្រសើរឡើងដល់កិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសិទ្ធិជនមានពិការភាព៕ដោយ៖ សិរី នាគ