Breaking News

ស្នងការនគរបាលខេត្តមណ្ឌលគិរី៖ បានបញ្ជូនខ្លួនអ្នកសារព័ត៌មានចំនួន៤រូប ដែលដើរសុំលុយគេនៅតាមសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរីទៅកាន់តុលាការហើយ

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកសារព័ត៌មានចំនួន៤រូប ដែលដើរសុំលុយគេនៅតាមសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរីទៅកាន់តុលាការហើយ។ លោកស្នងការបញ្ជាក់ថា ក្នុងចំណោមអ្នកសារព័ត៌មានទាំង៤រូបនោះ មួយរូបបានក្លែងឯកសារសាធារណៈ មានដូចជាកាតសារព័ត៌មាន និងកាតអង្គការ។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានឱ្យដឹងថា ការឃាត់ខ្លួនអ្នកកាសែតទាំង៤នាក់នេះ គឺបន្ទាប់ពីមានម្ចាស់សប្បកម្មឈើបាន ប្តឹងពីបទកំហែងទារប្រាក់។

ជាមួយគ្នានេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា ក្នុងចំណោមអ្នកសារព័ត៌មានទាំង៤រូបដែលបានឃាត់ខ្លួន គឺ៣រូបមានស្នាក់ការនៅខេត្តបាត់ដំបង និងមួយរូបទៀតមានស្នាក់ការនៅខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនសួរនាំអ្នកសារព័ត៌មានចំនួន៤រូប ពាក់ព័ន្ធនឹងការដើរសុំលុយតាមសិប្បកម្មឈើនៅស្រុកកោះញែក និងក្រុមហ៊ុនរ៉ែមាស នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អ្នកសារព័ត៌មានទាំង៤រូបនោះរួមមាន លោក ឯម សុវិសេដ្ឋ ចាងហ្វាងគេហទំព័រ cpnnews, លោក ស្រ៊ន់ រ៉ាវ៉ាន់ ជំនួយការណ៍ផ្ទាល់ចាងហ្វាងគេហទំព័រ cpnnews, លោក ថុង គីមងួន ចាងហ្វាងគេហទំព័រpcntvonline និងលោក សំ សីហា ចាងហ្វាងគេហទំព័រ ammhotnews៕ដោយ៖ សិរី នាគ

About srn tv

Check Also

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

Leave a Reply

Your email address will not be published. Required fields are marked *