Breaking News

អាកាសធាតុកំពុងក្តៅហួតហែងខ្លាំង ពលរដ្ឋជាង ៣០០គ្រួសារ នៅលើកោះស្តេច ដែលកំពុងរងវិបត្តិដាច់ទឹកស្អាតប្រើប្រាស់ ស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ

កោះកុង៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅលើកោះស្តេច ស្នើឲ្យអាជ្ញាធរ ជួយរកដំណោះស្រាយលើវិបត្តិកង្វះខាតទឹកស្អាតប្រើប្រាស់ ខណៈម្ចាស់អាជីវកម្មចែកចាយទឹកបច្ចុប្បន្ន ខិតខំជីកស្រះពង្រីកបន្ថែមដែរ តែជីកហើយពុំមានទឹកចេញ គ្រាអាកាសធាតុកំពុងក្តៅហួតហែងខ្លាំង បណ្តាលឲ្យការកង្វះទឹក នៅតែជាបញ្ហាប្រឈមខ្លាំងដដែល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

ឆ្លើយតបជាមួយនឹង បញ្ហាដ៏លំបាកមួយនេះ អាជ្ញាធរ និងមន្ទីរជំនាញខេត្តកោះកុង កំពុងមមាញឹក បែកចែកកិច្ចប្រជុំគ្រប់តំបន់ដាច់ស្រយាល ពិភាក្សារកដំណោះស្រាយ ពីគ្រោះរាំងស្ងួតក្នុងរដូវប្រាំងឆ្នាំនេះ ។

ជិតពីរខែមកនេះ នៅកោះស្តេច ដែលជាតំបន់រមណីយដ្ឋានទេសចរធម្មជាតិ ពលរដ្ឋកំពុងពឹងអាស្រ័យសុំការចែករំលែកទឹកប្រើប្រាស់ពីវិស័យឯកជនមួយគ្រាសិន ក្រោយរង់ចាំដំណោះស្រាយពីក្រសួង-មន្ទីរពាក់ព័ន្ធ។

លោក ទួន ឳទី អភិបាលរង ស្តីទីស្រុកគិរីសាគរ អះអាងថា អាជ្ញាធរស្រុក បានសម្របសម្រួលឲ្យខាងម្ចាស់អាជីវកម្មទាំងពីរ គឺម្ចាស់អាជីកម្មផ្ទះសំណាក់ វីរៈ ប៊ុនថាំ និងម្ចាស់អាជីវកម្មទឹកស្អាត ពិភាក្សាគ្នាលើការផ្គត់ផ្គង់ទឹកដល់ពលរដ្ឋកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់ ខណៈខាងភាគគីទាំងពីរទទួលយល់ព្រម និងកំពុងសហការគ្នាផ្គត់ផ្គង់ជូនពលរដ្ឋ តាមលទ្ធភាពជាក់ស្តែង។

នៅថ្ងៃទី៣០ មេសា ២០២៤នេះ លោក ឈេង សុវណ្ណដា អភិបាលរងខេត្តទទួលបន្ទុកជាប្រធានអង្គប្រជុំសម្របសម្រួលលើកិច្ចការនេះ ក៏បានលើកឡើងស្រដៀងគ្នា នឹងលោកអភិបាលស្រុក គិរីសាគរ ដែរ ដោយលោកប្រធានអង្គប្រជុំគ្រាន់តែតម្រូវឲ្យភាគីទាំងពីរ ពិភាក្សាគ្នា ដើម្បីរកលទ្ធផលសម្រេច ថាតើម្ចាស់ដើមជាអ្នកទទួលបានសិទ្ធិផ្គត់ផ្គង់ទឹកស្អាត មានលទ្ធភាពដែរឬទេ? ខណៈពលរដ្ឋសង្ស័យថា ម្ចាស់អាជីវកម្មទឹក (ម្ចាស់ដើម) ហាក់ពុំមានលទ្ធភាពទិញសេវាផ្គត់ផ្គង់ទឹកស្អាត បន្តមកពីក្រុម ញូញៀន ឡើយ។

បច្ចុប្បន្ន ពលរដ្ឋដែលដែលរងវិបត្តិកង្វះខាតទឹកស្អាតប្រើប្រាស់ កំពុងទទួលយកការផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន ពីម្ចាស់អាជីវកម្មផ្ទះសំណាក់ ឧកញ៉ា សួរ វីរៈ ម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលជាអ្នកមានលទ្ធភាព ថវិកា តភ្ជាប់ប្រភពទឹកស្អាតមកពីក្រុមហ៊ុន ញូញៀន របស់ចិន ក្នុងតំបន់វិស្សមកាលតារាសាគរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *