ភ្នំពេញ៖ ផ្នែកតាមទិន្នន័យស្ថិតិរបស់ក្រសួងព័ត៌មាន ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណា ម្នាក់ទទួលមរណភាព ឬទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។
នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នារសៀលថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
ជាមួយគ្នានេះលោក រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា ប៉ុន្តែក្រសួងព័ត៌មានកត់សម្គាល់ឃើញថាក្រុមជនមួយចំនួនដែល ជ្រកក្រោមស្លាកសារព័ត៌មាន បានប្រព្រឹត្តខុសក្រមសីលធម៌ និងយកអាជីពសារព័ត៌មានធ្វើជាមុខរបរដើម្បីស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយពេលខ្លះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌពីបទកំហែងទារប្រាក់ និងបទល្មើសផ្សេងទៀត ដែលមិនស្ថិតក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន។ លោកថាក្នុងករណីនេះ គេមិនត្រូវបកស្រាយថាវាជាការរំលោភបំពានសេរីភាពសារ ព័ត៌មាន និងសេរីភាពបញ្ចេញមតិឡើយ។
បើតាមរដ្ឋមន្រ្តី នេត្រ ភក្រ្តា យោងតាមទិន្នន័យស្ថិតិដដែលនេះ អតីតអ្នកសារព័ត៌មាន និងមន្ត្រីក្រសួង ព័ត៌មានសរុបចំនួន ៣៤ រូប បានទទួលមរណភាពដោយជរាពាធ និងជំងឺផ្សេងៗ។ ក្នុងការគ្រប់គ្រងអង្គភាពសារ ព័ត៌មាន និងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងបានប្រកាសលុបឈ្មោះអង្គភាពសារព័ត៌មានចេញពីបញ្ជី ចំនួន ២០អង្គភាព ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដោយមូលហេតុអង្គភាពទាំងនោះបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានបានអនុវត្តនីតិវិធីរដ្ឋបាល ដោយបាន កោះហៅអ្នកពាក់ព័ន្ធក្នុងការប្រព្រឹត្តកំហុសវិជ្ជាជីវៈសារព័ត៌មាន ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទង្វើ ខុសឆ្គងទាំងនោះសរុបចំនួនជាង ៥០ករណី។
យោងតាមទិន្នន័យបច្ចុប្បន្នភាពឆ្នាំ២០២៣របស់ក្រសួងព័ត៌មានបានបង្ហាញថា ក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន សរុប ចំនួន ៣.២០១ បណ្ណ ក្នុងនោះ បណ្ណអន្តរជាតិចំនួន ១១៣បណ្ណ ហើយអ្នកសារព័ត៌មានជាស្ត្រីមានចំនួន២៦៩ រូប គឺស្មើនឹង ៨,៧% នៃចំនួនអ្នកសារព័ត៌មានសរុប។ បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ដែលបានចុះបញ្ជិកានៅក្រសួងព័ត៌មាន មានចំនួនជាង ២.០០០ ក្នុងនោះ គេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៩៣៣ អង្គភាព, កាសែត ៤៤៧ អង្គភាព, សមាគមសារព័ត៌មាន ៥២ អង្គភាព, ទស្សនាវដ្ដី ១៩៤ អង្គភាព,ព្រឹត្តិបត្រ ២១ អង្គភាព, រោងពុម្ព ១១៣ អង្គភាព, សៀវភៅ ២២ អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង ២៧ អង្គភាព, ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ០២ អង្គភាព, ស្ថានីយវិទ្យុ FM រាជធានីភ្នំពេញ និងខេត្ត២៨៣ និងវិទ្យុ AM ភ្នំពេញ ០១ អង្គភាព, ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ ស្ថានីយ និងផ្សាយបន្ត ១៦៥ ស្ថានីយ, ទូរទស្សន៍ឌីជីថល ១២ ស្ថានីយ និងទូរទស្សន៍អនឡាញ ១០ ស្ថានីយ, ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងនៅតាមខេត្ត ៤៤ស្ថានីយ និងទូរទស្សន៍អាណាឡូកមានចំនួន ១៤៣ ស្ថានីយ, ប្រព័ន្ធ OTT (Over The Top) ០៨ ស្ថានីយ និងប្រព័ន្ធ Satellite ចំនួន ០២។ នៅកម្ពុជា មានអ្នកសារព័ត៌មានចំនួនប្រមាណ ១ម៉ឺននាក់៕