ភ្នំពេញ៖ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១លាន ២សែននាក់។ នេះបើយោងតាមរបាយការណ៍ ដែលចេញដោយអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺចេញនៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
របាយការណ៍បានឱ្យថា ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពបទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ៦នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ៤នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ២នាក់បន្តទៀត។
ចំពោះករណីទូកប្រណាំងលិចទឹកចំនួន ៩ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព។ ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ១.៦៧៤នាក់ (ស្រី ២៤៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន ១នាក់។
ថ្ងៃទី១នៃពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក (ទូកអន្តរជាតិចំនួន ១៣៧ទូក) ក្នុងនោះទូកអុំបុរសចំនួន ១៥៨ទូក ទូកចែវបុរសចំនួន ៤២ទូក ទូកចែវនារីចំនួន ៣ទូក ទូកអន្ដរជាតិ ១២៩។ ទូកចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប៕