Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ

ខេត្តកោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបាន អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា «ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាអាចបង្កើនការផលិត និងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើន ឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ វិស័យថាមពលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍប្រព័ន្ធស្ដុកថាមពលទុក ដើម្បីគ្រប់គ្រងការប្រែប្រួលចុះឡើងនៃប្រភពថាមពលកកើតឡើងវិញនិងដើម្បីស្ដុកថាមពលទុកសម្រាប់បំពេញការផ្គត់ផ្គង់នៅពេលម៉ោងដែលពន្លឺព្រះអាទិត្យ ឬខ្យល់ចុះថយ ឬគ្មាន»។ ឯកឧត្តម កែវ រតនៈ បានបន្តថា «ក្នុងរយៈពេលកន្លងមកនេះ ក្រសួងរ៉ែនិងថាមពល បានសាកល្បងដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធអាគុយស្ដុកថាមពលទុក នៅក្នុងគម្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ០៤ ចុងក្រោយ ដើម្បីបន្សាបការឡើងចុះមិនទៀងទាត់របស់ថាមពលពន្លឺព្រះអាទិត្យ និងកំពុងរៀបចំធ្វើការវិនិយោគគម្រោងអាគុយស្តុកថាមពលទុកទំហំធំមួយជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លើសពីនេះ ក្រសួងរ៉ែ និងថាមពលបានស្នើសុំឱ្យក្រុមហ៊ុនដែលគ្រប់គ្រងគម្រោងវារីអគ្គិសនីកំពុងដំណើរការ ឬគម្រោងកំពុងសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យជួយធ្វើការសិក្សាបឋមអំពីសក្តានុពលបង្កើតស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួននីមួយៗ»។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «តាមការសិក្សា និង
ស្រាវជ្រាវបឋមនេះ ក្រសួងរ៉ែ និងថាមពលបានទទួលព័ត៌មានថា លក្ខណៈភូមិសាស្ត្រនៅតំបន់ត្រីកោណ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ មានសក្តានុពលអាចបង្កើតជាស្ថានីយ
វារីអគ្គិសនីបូមទឹកស្តុកទុក ដែលអាចស្តុកថាមពលទុកក្នុងអានុភាពរាប់ពាន់មេហ្កាវ៉ាត់»។

សូមជំរាបថា គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាម៉េរិក។គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *